ពាណិជ្ជកម្មឆ្លងដែនរបស់ថៃ រួមទាំងការធ្វើពាណិជ្ជកម្មឆ្លងកាត់បានធ្លាក់ចុះ ៧.៤២% បើធៀបនឹងឆ្នាំមុនក្នុងរយៈពេល ៨ ខែដំបូង ដែលបណ្តាលមកពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និងសេដ្ឋកិច្ចធ្លាក់ចុះ។
នាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ បាននិយាយកាលពីថ្ងៃទី ៧ ខែតុលាថា ពាណិជ្ជកម្មតាមព្រំដែនរួមទាំងពាណិជ្ជកម្មឆ្លងកាត់មានទឹកប្រាក់សរុប ៨៥៣ ពាន់លានបាត (២៧.៣ ពាន់លានដុល្លារ) ជាមួយប្រទេសម៉ាឡេស៊ីដែលជាដៃគូធំជាងគេ។

ក្នុងចំណោមតួលេខសរុប ការនាំចេញមានចំនួន ៤៩៤ ពាន់លានបាតធ្លាក់ចុះ ៧.៣៧% បើធៀបនឹងឆ្នាំមុន ខណៈពេលដែលការនាំចូលធ្លាក់ចុះ ៧.៤៩% ស្មើនឹង ៣៥៨ ពាន់លានបាតបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្ម ១៣៦ ពាន់លានបាត។

ពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ីមានចំនួនសរុប ១៥២ ពាន់លានបាត (ធ្លាក់ចុះ ២១% ) បន្ទាប់មកពាណិជ្ជកម្មជាមួយប្រទេសឡាវ (១២៣ ពាន់លានបាតធ្លាក់ចុះ ៦.៣៣% ) មីយ៉ាន់ម៉ា (១១៤ ពាន់លានបាតធ្លាក់ចុះ ១៣% ) និងប្រទេសកម្ពុជា (១០៨ ពាន់លានបាតកើនឡើង ១.០៩% )។ ពាណិជ្ជកម្មឆ្លងកាត់ ជាពិសេសសិង្ហបុរី វៀតណាម និងចិនខាងត្បូងបានធ្លាក់ចុះ ១.០៥% ក្នុងរយៈពេល ៨ ខែដំបូង។

ទន្ទឹមនឹងនេះ តម្លៃពាណិជ្ជកម្មឆ្លងកាត់ជាមួយប្រទេសវៀតណាមបានធ្លាក់ចុះ ២០.៦% និងប្រទេសដទៃទៀតបានធ្លាក់ចុះ ១៤.៦% ។ លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសបាននិយាយថា ទំហំពាណិជ្ជកម្មតាមព្រំដែនត្រូវបានរងផលប៉ះពាល់ ដោយជំងឺរាតត្បាត និងការបិទច្រកត្រួតពិនិត្យព្រំដែនដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ Covid-19 ។

គួរឱ្យដឹងផងដែរថា មានតែប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនចំនួន ៣៦ ក្នុងចំណោម ៩៧ កន្លែងនៅទូទាំងប្រទេស ដែលត្រូវបានបើក ដោយលោកបានបន្ថែមថា នាយកដ្ឋានរបស់លោកនឹងឃ្លាំមើលយ៉ាងដិតដល់ទៅលើស្ថានភាពនៃការទប់ស្កាត់ Covid-19 និងវិធានការចាក់សោរនៅក្នុងប្រទេសជិតខាង ក៏ដូចជាស្វែងរកដំណោះស្រាយជួញដូរនៅតាមប៉ុស្តិ៍ត្រួតពិនិត្យនានា៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


