ក្រសួងទេសចរណ៍ បានពង្រឹងជំនាញបដិសណ្ឋារកិច្ចដល់ខេត្តគោលដៅចំនួន៥ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តកាន់តែច្រើន និងប្រកបដោយទំនុកចិត្ត។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ខេត្តគោលដៅដែលបានពង្រឹងជំនាញបដិសណ្ឋារកិច្ចទាំងនេះ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគិរី និងខេត្តមណ្ឌលគិរីដោយបានបង្រៀនបន្ថែមអំពីជំនាញសំខាន់ៗជាអាទិភាពដូចជា៖ ជំនាញសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ ជំនាញការិយាល័យជួរមុខ ជំនាញរៀបចំបន្ទប់ និងជំនាញចុងភៅជាដើម។

ការពង្រឹងជំនាញបដិសណ្ឋារកិច្ចនេះ ដោយសារតែវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងចំណោម វិស័យសំខាន់ៗជាច្រើនទៀត ដែលជួយក្នុងការបង្កើនចំណូលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោកបានបន្តទៀតថា ការជ្រើសរើសខេត្តទាំង ៥ ខាងលើនេះ ដោយសារតែវាមានសក្តានុពលផ្នែកទេសចរធម្មជាតិជាច្រើនកន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តមិនចេះជិនណាយ។

លោកបន្ថែមថា ដោយសារតែខេត្តទាំង ៥ នោះជាគោលដៅទេសចរណ៍បែបអេកូទេសចរណ៍ គឺភ្ញៀវទេសចរក្នុងស្រុកក្តីក្រៅស្រុកក្តី គាត់ចូលចិត្តទៅលេងតំបន់អេកូទេសចរណ៍។ ពីមុនយើងទៅលេងសៀមរាប មានគោលដៅបន្ទាប់បន្សំតំបន់ឆ្នេរ ហើយឥឡូវបងប្អូនយើងទៅលេងតំបន់ឆ្នេរច្រើនហើយ គាត់ចង់ដូរទៅតំបន់ភូមិភាគឦសាននៅភូមិភាគឦសាន ទី១ អាកាសធាតុ ភ្ញៀវត្រូវការបែបធម្មជាតិបន្ថែម ក៏មានការវិនិយោគទៅលើសម្បទានទេសចរណ៍មានរីសត ភោជនីយដ្ឋានទំនើបៗបងប្អូនយើងគាត់ចេះតែចង់សាកអ្វីដែលថ្មីៗ។

លោកក៏បានអំពាវនាវដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ និងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានល្អផង៕
ប្រភព៖ ក្រសួងព័ត៌មាន


