តម្លៃដំឡូងមីស្រស់របស់កសិករខេត្តស្ទឹងត្រែង ឡើងថ្លៃជាបណ្តើរៗឡើងវិញ ដល់ជាង ៣០០រៀលក្នុងមួយគីឡូក្រាម
សេដ្ឋកិច្ច October 8, 2020 Chan Sreyny

កសិករនៅខេត្តស្ទឹងត្រែងបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដោយសារតម្លៃដំឡូងមីស្រស់នៅឆ្នាំនេះ បានឡើងថ្លៃជាបណ្តើរៗឡើងវិញរហូតដល់ជាង ៣០០រៀលក្នុងមួយគីឡូក្រាម ហើយបងប្អូនមានជំនឿថានៅពេលខាងមុខ ដំឡូងមីនឹងឡើងថ្លៃបន្តទៀត ព្រោះមានឈ្មួញមកប្រកួតប្រជែងគ្នាទិញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០៨ ខែតុលា នេះ។

លោក អ៊ូរ អ៊ី កសិករនៅភូមិឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងបាន បញ្ចាក់ថា៖ « ឆ្នាំនេះតម្លៃដំឡូងមីចាប់ផ្តើមហក់ឡើងខ្ពស់ ធ្វើឱ្យកសិករមានសង្ឃឹមប្រកបមុខរបរនេះឡើងវិញ ខណៈកាលពីដើមឆ្នាំជួបបញ្ហាលក់មិនចេញ ធ្វើឱ្យកសិករខាតបង់ថវិកាជំពាក់ធនាគារ ដោយសារតែរងផលប៉ះពាល់ពីជម្ងឺកូវីដ១៩ »។

ចំណែកលោក ផៃ មេត កសិករនៅភូមិរាជានុគោល ក្រុងស្ទឹងត្រែង ក៏បានបញ្ជាក់ផងដែរថា៖ « ប្រសិនបើដំឡូងមីមានស្ថេរភាព បងប្អូននឹងខិតខំដាំឱ្យបានច្រើន ក្នុងពេលដែលឈ្មួញបានប្រកួតប្រជែងគ្នាទិញ ដែលបច្ចុប្បន្នមានតម្លៃជាង ៣០០រៀលក្នុងមួយគីឡូក្រាម ចំពោះដំឡូងមីស្រស់ »។ លោកបញ្ជាក់ថា ការឡើងថ្លៃដំឡូងមីស្រស់នេះអាចជួយឱ្យកសិករមានផលចំណេញច្រើន និងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារផងដែរ។

ទន្ទឹមនឹងនេះដែរលោក អ៊ុន សុខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ « លោកស្វាគមន៍ និងគាំទ្រចំពោះការបង្កើនដំណាំដំឡូងមីរបស់កសិករនៅតាមបណ្តាភូមិ ឃុំ ព្រោះរាល់កិច្ចការងារទីផ្សារ លោកបានទាក់ទងជាមួយនឹងអ្នកវិនិយោគទុនផ្សេងៗឱ្យមកជួយទិញ កសិផលដែលបងប្អូនផលិតបាន »។ លោកបន្តថា គ្រប់ផលិតផលរបស់កសិករ មិនថាតែដំឡូងមីទេ នៅតាមតំបន់នីមួយៗត្រូវគិតពីគុណភាពផង ដើម្បីលក់បានតម្លៃខ្ពស់។

ដោយឡែកលោកស្រី តេង ស្រីខួច អ្នកប្រមូលទិញដំឡូងមីស្រស់ បានសុំឲ្យកសិករខិតខំរៀន បច្ចេកទេសកសិកម្ម និងពិនិត្យមើលផ្ទៃដី ចេះផ្លាស់ប្តូរពូជដំណាំដាំដុះ ដើម្បីឱ្យបានទិន្នផលខ្ពស់ ហើយត្រូវប្រើប្រាស់ជីធម្មជាតិឱ្យបានច្រើន ចៀសវាងប្រើជីគីមីដែល នាំឱ្យខូចគុណភាពដីនឹងចំណាយប្រាក់ច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន