ឱកាសល្អ! ប្រទេសមួយនេះ ត្រូវការពលករបេះផ្លែឈើតាមរដូវកាលជាច្រើននាក់ និងគ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា
សេដ្ឋកិច្ច October 8, 2020 Chan Sreyny

រដ្ឋាភិបាលហ្វាំងឡង់ គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ ទំនងការទូត និងពង្រីកកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរ​ថែមទៀត ក្នុងនោះក៏ត្រូវការពលករបេះផ្លែឈើតាមរដូវកាលផងដែរ។ នេះបើតាមការ​បញ្ជាក់​របស់ ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងថៃ ក្នុងជំនួបជាមួយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ។

​ឯកឧត្តម Jyri Järviaho បានលើកឡើងពីគម្រោងផ្តល់ជំនួយបច្ចេកទេស និងសម្ភារ​ដល់កម្ពុជា ដើម្បីកសាងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធ​អនឡាញ និងគម្រោងកែច្នៃ​សំរាមទៅជាថាមពលអគ្គិសនី (Waste Energy)។ ជាការឆ្លើយតប ឯកឧត្តម អ៊ូក សោភ័ណ បានសម្តែងការស្វាគមន៍ចំពោះ​គម្រោង​ខាងលើ និងបានលើកឡើងពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងហ្វាំងឡង់។ ឯកឧត្តមឯកអគ្គរាជទូតបានសន្យាផ្តល់ការគាំទ្រអស់ពីលទ្ធភាព និងស្នើ​សុំសមភាគីហ្វាំងឡង់ជំរុញគម្រោងខាងលើឱ្យបានឆាប់រហ័ស ដើម្បីនាំយកឧត្តម​ប្រយោជន៍​ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន