សហគមន៍ទេសចរណ៍ខេត្តឧត្តរមានជ័យ ពង្រឹងគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ
ទេសចរណ៍ October 7, 2020 Chan Sreyny

មន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានណែនាំដល់សហគមន៍ទេសចរណ៍ទាំងអស់ឱ្យពង្រឹងគុណភាពលើសេវាកម្មពាក់ព័ន្ធទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេង និងស្នាក់នៅបានយូរ។

លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា មន្ទីរទេសចរណ៍បានផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ឱ្យកែប្រែឡើងវិញនូវចំណុចខ្វះខាត និងផ្សព្វផ្សាយតាមប្រព័ន្ធ internet នូវរូបភាព និងតំបន់ទេសចរណ៍ថ្មីៗក្នុងខេត្តឱ្យបានទូលំទូលាយ។

លោកស្រីបន្ថែមថា ជារៀងរាល់ឆ្នាំក្នុងអំឡុងខែកុម្ភៈ មន្ទីរទេសចរណ៍ខេត្តតែងតែរៀបចំព្រឹត្តិការណ៍ នៅតំបន់អន្លង់វែងមានដូចជា៖ ការរត់ប្រណាំង ការជិះកង់រួមគ្នាដើម្បីទាក់ទាញភ្ញៀវឱ្យមកស្គាល់ស្រុកអន្លង់វែង ក៏ដូចជាខេត្តឧត្ដរមានជ័យកាន់តែច្បាស់ ហើយមន្ទីរមានគម្រោងរៀបចំនៅតាមស្រុក ភូមិ ឃុំណា ដែលមានមុខម្ហូបប្លែកៗ និងសមិទ្ធផលថ្មីៗមកបង្ហាញជូនភ្ញៀវទេសចរនៅក្នុងឱកាសពិសេសៗ។

សូមបញ្ជាក់ថា ខេត្តឧត្ដរមានជ័យមានតំបន់ទេសចរណ៍ចំនួន ៣១ កន្លែងក្នុងនោះតំបន់ធម្មជាតិ ៧ កន្លែង, តំបន់ប្រវត្តិសាស្ត្រអន្លង់វែងរបស់របបខ្មែរក្រហមចុងក្រោយមានចំនួន ១៤ កន្លែង និងតំបន់ប្រាង្គប្រាសាទមានជាង ១០ កន្លែង។ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០នេះ ខេត្តឧត្ដរមានជ័យ ទទួលបានភ្ញៀវទេសចរប្រមាណជាង ១០ ម៉ឺននាក់៕

ប្រភព៖ ក្រសួងទេសចរណ៍