យោងតាមការិយាល័យស្ថិតិរបស់ប្រទេសវៀតណាមបានឱ្យដឹងថា គិតត្រឹមខែកញ្ញា កម្មករចំនួន ៣១.៨ លាននាក់ដែលមានអាយុលើសពី ១៥ ឆ្នាំនៅវៀតណាមបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត Covid-19 ដែលបណ្ដាលឱ្យពួកគេបាត់បង់ការងារ កាត់បន្ថយម៉ោងធ្វើការ និងការកាត់បន្ថយប្រាក់ចំណូល ឬការបញ្ឈប់ពីការងារតែម្ដង។
ការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមបាននិយាយថា រហូតដល់ ៦៨.៩% នៃកម្មករបានរាយការណ៍អំពីប្រាក់ចំណូលទាប និង ៤០% បានកាត់បន្ថយម៉ោងធ្វើការ ឬត្រូវឈប់សម្រាកបណ្តោះអាសន្ន ខណៈដែល ១៤% បានបាត់បង់ការងារឬ ត្រូវបានបញ្ឈប់រហូតដោយគ្មានការកំណត់។

ប្រធាន GSO បាននិយាយថា ឧស្សាហកម្មភាគច្រើនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 បានបង្ហាញសញ្ញានៃការងើបឡើងវិញ នៅក្នុងត្រីមាសទី៣ ដោយស្ថានភាពការងារប្រសើរជាងមុន និងប្រាក់ចំណូលរបស់កម្មករនៅក្នុងរយៈពេលនេះ បើធៀបទៅនឹងត្រីមាសទី២ ប៉ុន្តែមិនល្អទេបើធៀបនឹងត្រីមាសទី៣ កាលពីឆ្នាំមុន។

កម្លាំងពលកម្មសរុបរបស់វៀតណាម គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២០ បានកើនឡើងដល់ ៥៤.៦ លាននាក់ពោលគឺកើនឡើង ១.៤ លាននាក់បើធៀបនឹងត្រីមាសទី២ ដែលអត្រាធ្លាក់ចុះត្រូវបានកត់ត្រានៅពេលដែលប្រទេសនេះ ចាប់ផ្តើមអនុវត្តការបិទព្រំដែន និងការចាក់សោរនៅទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ។

ទន្ទឹមនឹងនេះ លោក VũThị Thu Thuỷ ប្រធាននាយកដ្ឋានស្ថិតិប្រជាជន និងស្ថិតិប្រជាជនរបស់ GSO បានឱ្យដឹងថា ការធ្លាក់ចុះនេះគឺខ្ពស់បំផុតនៅតាមតំបន់ជនបទ។ ម្យ៉ាងវិញទៀត ជំងឺរាតត្បាតនេះ អាចនឹងធ្វើឱ្យបាត់បង់ឱកាសការងារចំនួន ១.៨ លាននាក់ក្នុងឆ្នាំនេះ។

លើសពីនេះទៅទៀត វិស័យសេវាកម្មត្រូវបានរងគ្រោះខ្លាំងជាងគេ ដោយសារការរាតត្បាតដែលជិត ៧០% នៃកម្មករនៅក្នុងវិស័យនេះរងផលប៉ះពាល់ បន្ទាប់មក ៦៦.៤% នៃកម្មករនៅក្នុងវិស័យឧស្សាហកម្ម និងសំណង់។ វិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមមានដំណើរការល្អប្រសើរ ដោយមានកម្លាំងពលកម្មត្រឹមតែ ២៧% ប៉ុណ្ណោះដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។

គួរឱ្យដឹងផងដែរថា ឧស្សាហកម្មដែលរងគ្រោះខ្លាំងជាងគេរួមមាន៖ ការកម្សាន្ត និងសិល្បៈដោយ ៨៨.៦% នៃកម្មកររងផលប៉ះពាល់ បន្ទាប់មកបដិសណ្ឋារកិច្ចអាហារ និងភេសជ្ជៈ (៨១.៧%) ការដឹកជញ្ជូន និងការផ្ទុក (៧៩.៧%) សេវាកម្មរដ្ឋបាល និងសេវាកម្មគាំទ្រ (៧២.៧%) ដំណើរការកែច្នៃ និងផលិតកម្ម (៧០.១%) លក់ដុំលក់រាយ និងជួសជុលរថយន្ត (៦៨.៥%) ការអប់រំ និងបណ្តុះបណ្តាល (៦៨.៥%) និងសកម្មភាពអចលនទ្រព្យ (៦៧.៨%) ៕
អត្ថបទ៖ នីតា
ប្រភព៖ nationthailand


