នៅក្នុងពេលជួបសម្តែងការគួរសម ជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានជម្រាបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ពីជំហរ យកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ដែលកំពុងគិតគូរបន្តយកចិត្តទុកដាក់ ជួយដល់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បើទោះបីជាយើងកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ដូចប្រទេសនានាលើសកលលោកក៏ដោយ។
ឯកឧត្តមឯកអគ្គរាជទូតបានឱ្យដឹងទៀតថា រដ្ឋាភិបាលជប៉ុនបានត្រៀមរួចជាស្រេច ដើម្បីជួយដល់កម្ពុជា ក្នុងវិស័យមួយចំនួនដូចជា វិស័យសុខាភិបាលជាដើម ក្នុងនោះជំនួយ ទឹកប្រាក់ប្រមាណជា ២៥ពាន់លានយេន គ្រោងនឹងរៀបចំចុះហត្ថលេខា នាពេលខាងមុខនេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុនកំពុងពិនិត្យរៀបចំការតភ្ជាប់គ្នាឡើងវិញ នូវជើងហោះហើរពីជប៉ុនមកកម្ពុជា ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបានអាក់ខាន ដោយសារកូវីដ-១៩ មកនេះ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកប្រទេសជប៉ុន ជាមហាមិត្តរបស់កម្ពុជា ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាល ដែលកម្ពុជាត្រូវការជំនួយដើម្បីស្តារ និងអភិវឌ្ឍន៍ ប្រទេស។ ជំនួយដ៏ថ្លៃថ្លារបស់ជប៉ុន បានជួយកម្ពុជាមានការផ្លាស់ប្តូរមុខមាត់ និងបម្រើដល់ប្រជាជនកម្ពុជាទូទៅ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រៅពីជំនួយលើវិស័យសេដ្ឋកិច្ច សុខាភិបាល និងការជួយស្តារឡើងវិញវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធផ្លូវគមនាគមន៍ ជប៉ុន គឺជាប្រទេសមួយដែលបានជួយជ្រោមជ្រែងស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ដល់កម្ពុជា នឹងបានឈានទៅដល់មានកិច្ចព្រមព្រាងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រមទាំងបានដំណើរការបោះឆ្នោតនៅឆ្នាំ១៩៩៣ ទៀតផង ។
តាមរយៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើនូវការថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលបានជួយដល់កម្ពុជា ព្រោះប្រទេសទាំងពីរបានភ្ជាប់ចំណងទាក់ទងគ្នាតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៣មកម៉្លេះ។

ឯកឧត្តម មីកាមី ម៉ាសាហ៊ិរ៉ូ បានថ្លែងនូវការចាប់អារម្មណ៍ចំពោះការរីកចម្រើននៅ កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានធ្វើ ឱ្យប្រទេសមួយដែលធ្លាប់ជួបប្រទះនឹងសង្ក្រាម បែកបាក់ មកជាប្រទេសមានសន្តិភាព និងការ អភិវឌ្ឍលើគ្រប់វិស័យ។ ពិសេសគឺការរក្សាបានស្ថិរភាព សន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូលនាំមក នូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសុំឱ្យមានការជួយពង្រឹង កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ដែលមានបេសកកម្មស្រដៀង និងក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាពិសេស វិស័យអធិការកិច្ច និងទប់ស្កាត់ អំពើពុករលួយ តាមរយៈ ផ្លាស់ប្តូរ ទស្សនកិច្ច និងការបណ្តុះបណ្តាល និងសូមជូនពរ ឯកឧត្តម ឯកអគ្គរាជទូត ប្រកបដោយសុខភាពល្អបរិបូរណ៍ និងជោគជ័យក្នុងបេសកកម្មការ ទូតរបស់ឯកឧត្តមនៅកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន


