គម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ពុជា នឹងលើកកម្ពស់វិស័យដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន
សេដ្ឋកិច្ច October 7, 2020 Chan Sreyny

ឯកឧត្តម វ៉ា ស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់​វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ពុជាគឺ ដើម្បីលើកស្ទួយវិស័យដឹក​ជញ្ជូនឱ្យ​កាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងផែនការសិក្សាបឋមមជ្ឈមណ្ឌលភស្តុភារកម្ម ត្រូវសាងសង់ចំនួន៤
ទីតាំងគឺ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ ប៉ោយប៉ែត និងក្រុងបាវិត។ ការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម នឹងធ្វើឱ្យអ្នក​វិនិយោគទុន ហាងទំនិញ ឬរោងចក្រធំៗ នឹងមកសាងសង់តំបន់ចែកទំនិញធំៗនៅក្នុងប្រទេស​កម្ពុជាកាន់តែច្រើន។

តាមការសិក្សាជាច្រើនលើករបស់ប្រទេសសិង្ហបុរីបានឱ្យដឹងថា កម្ពុជាគឺជាប្រទេសទី១ ដ៏ល្អសម្រាប់ការចែក​ចាយទំនិញនៅក្នុងតំបន់អាស៊ាន ខណៈការសិក្សាមជ្ឈមណ្ឌលភស្តុភាកម្មនៅកម្ពុជា ត្រូវបានចែកជា ២ វគ្គ ដោយបច្ចុប្បន្នខាង JICA ទើបសិក្សារួចរាល់ ហើយនៅខាងប្រទេសចិនសិក្សាបន្តទៀត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈ​មណ្ឌលភស្តុភារកម្មភ្នំពេញ ដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ និងប្រែក្លាយជាប្រទេសចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០​ ៕

ប្រភព៖ ក្រសួងព័ត៌មាន