ទីផ្សារភាគហ៊ុនបានងើបឡើងវិញភ្លាមៗ ក្រោយរបាយការណ៍បង្ហាញថា សុខភាពរបស់លោក ដូ ណាល់ត្រាំ ល្អប្រសើរឡើង
សេដ្ឋកិច្ច October 6, 2020 Chan Sreyny

ទីផ្សារភាគហ៊ុនបានលោតឡើងមកវិញកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ក្រោយរបាយការណ៍បានបង្ហាញថាសុខភាពរបស់ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ មានភាពប្រសើរឡើង បន្ទាប់ពីបានធ្វើតេស្តឃើញថាវិជ្ជមានវីរុស Covid-19។ ការលោតឡើងវិញនេះ ធ្វើឲ្យពាណិជ្ជករបង្ហាញនូវភាពរីករាយតាមរយៈការស្រែកហ៊ោ ដែលនេះបង្ហាញថា សមាជិកសភានៅក្នុងសភាកំពុងឈានទៅរកការយល់ព្រមលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ភាគហ៊ុនសកលបានធ្លាក់ចុះនៅថ្ងៃសុក្រ បន្ទាប់ពីសេតវិមានបានប្រកាសពីការធ្វើរោគវិនិច្ឆ័យរបស់លោក Trump ដែលបង្កើតឱ្យមានភាពមិនច្បាស់លាស់បន្ថែមទៀតក្នុងរយៈពេលមួយខែ មុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំនេះ។ ទន្ទឹមនឹងនេះ តម្លៃប្រេងក៏ចាប់ផ្តើមងើបឡើងវិញកាលពីថ្ងៃច័ន្ទដូចគ្នាដេរ បន្ទាប់ពីការខាតបង់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន។

លោក Craig Erlam អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ OANDA បានចាត់វិធានការប្រុងប្រយ័ត្នដោយព្រមានថា ហានិភ័យធ្លាក់ចុះមិនគ្រាន់តែត្រូវបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅឆ្ងាយពីចក្រភពអង់គ្លេសផងដែរ នៅពេលបច្ចុប្បន្នចក្រភពអង់គ្លេសកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្មាន Brexit។ ជាមួយគ្នានេះអ្នកវិភាគ CMC Markets លោក David Madden បានមានប្រសាសន៍ថា៖ « សុទិដ្ឋិនិយមចំពោះសុខភាពរបស់លោក Trump បានលើកទឹកចិត្តដល់ពាណិជ្ជករឱ្យទិញចូលក្នុងទីផ្សារវិញ »។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកស្រីទី១ បានតេស្តឃើញវិជ្ជមានវីរុស Covid-19 កាលពីថ្ងៃទី០២ ខែតុលា ថ្មីៗនេះ។ បន្ទាប់ពីចំណាយពេលចុងសប្តាហ៍នៅក្នុងមន្ទីរពេទ្យ ក្រុមគ្រូពេទ្យរបស់លោក Trump កាលពីថ្ងៃច័ន្ទនេះបាននិយាយថា សុខភាពរបស់ប្រធានាធិបតីរូបនេះមានភាពប្រសើរឡើងហើយ។ ហើយកាលពីថ្ងៃច័ន្ទលោក ត្រាំ ក៏បាននិយាយថា លោកគ្រោងនឹងវិលត្រឡប់ទៅកាន់សេតវិមានវិញផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost