រយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ការនាំចូលផលិតផលពីប្រទេសថៃមកកម្ពុជាធ្លាក់ចុះ ៨%
សេដ្ឋកិច្ច October 6, 2020 Chan Sreyny

ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២០ នេះ ការនាំចូលផលិតផលពីប្រទេសថៃមកកម្ពុជាធ្លាក់ចុះ ៨% ពោលគឺកម្ពុជាបានចំណាយប្រាក់តែចំនួន ៤,១៦១ លានដុល្លារអាមេរិក ដើម្បីទិញផលិតផលពីប្រទេសថៃ។ នេះបើយោងតាមការដកស្រង់ពីការចេញផ្សាយរបស់ក្រសួង​ព័ត៌មាននាថ្ងៃទី០៥ ខែតុលា កន្លងទៅនេះ។​

ក្នុងនោះផងដែរ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះសម្រេចបានត្រឹមតែ​ ៥,០៧៣ លានដុល្លារ ធ្លាក់ចុះ ១៦% បើ​ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្ដែងយោងតាមតួលេខពីក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែសីហា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៩១៣ លានដុល្លារ ទៅកាន់ប្រទេសថៃ បង្ហាញការធ្លាក់ចុះប្រចាំឆ្នាំ ៤០%។

ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបានចំណាយប្រាក់ចំនួន ៤,១៦១ លានដុល្លារអាមេរិក ដើម្បីទិញផលិតផលពីប្រទេសថៃធ្លាក់ចុះ ៨%។ សូមជម្រាបផងដែរថា កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងព្រះរាជាណាចក្រជិតខាងទាំងពីរបានកើនឡើង ១២.២៨% ស្មើនឹង ៩,៤១៨ លានដុល្លារអាមេរិក ដោយក្នុងនោះប្រទេសកម្ពុជានាំចេញបាន ២,២៧២ លានដុល្លារកើនឡើង ១៩៥%៕

អត្ថបទ៖ លីនី