ជំងឺរាតត្បាត Covid-19 ជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ប្រទេសឡាវ ដែលជាប្រភពចំណូលដ៏សំខាន់បំផុត
សេដ្ឋកិច្ច October 6, 2020 Chan Sreyny

ទោះបីជាប្រទេសឡាវបានជៀសផុតពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីវីរុស Covid-19 ក៏ដោយក្ដី ក៏ផលប៉ះពាល់នៃជំងឺរាតតត្បាតមកលើសេដ្ឋកិច្ចរបស់ខ្លួនជាពិសេសវិស័យទេសចរណ៍ត្រូវបានគេព្យាករណ៍ថា នឹងរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។

បើតាមការដកស្រង់​ពីការស្ទង់មតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា សហគ្រាសពាក់កណ្តាលដែលបានស្ទង់មតិបានបិទជាបណ្តោះអាសន្ននៅក្នុងខែឧសភា និងប្រហែល ៧០% បានការកាត់បន្ថយបុគ្គលិកដោយចំនួនបុគ្គលិកធ្លាក់ចុះ ៣៨%។ ទន្ទឹមនឹងនេះ សហគ្រាសទេសចរណ៍ប្រមាណ ៧៨% នៅហ្លួងព្រះបាងដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏ពេញនិយមរបស់យូណេស្កូត្រូវបានបិទទ្វារដូចគ្នា។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានកត់សម្គាល់ផងដែរថា នៅពេលដែលវិស័យទេសចរណ៍ គឺជាផ្នែកមួយនៃអ្នករកប្រាក់ចំណូលដ៏សំខាន់សម្រាប់ប្រទេស ត្រូវទទួលរងឥទ្ធិពលពីការរាតត្បាត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ខ្លួន។ ជាក់ស្ដែងនៅហ្លួងព្រះបាង និងវាងវៀង ដែល​ជាទិសដៅទេសចរណ៍ល្បីៗចំនួនពីរនេះ ដែលសហគ្រាសទេសចរណ៍ភាគច្រើនផ្តោតលើភ្ញៀវទេសចរណ៍អន្តរជាតិ និងកម្សាន្ត ដូច្នេះហើយកផលប៉ះពាល់នៃវីរុស មានសភាពធ្ងន់ធ្ងរជាងនេះទៅទៀត។

គួរបញ្ជាក់ផងដែរថា មុនពេលមានរោគរាតត្បាតវិស័យទេសចរណ៍កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ដោយចំនួនភ្ញៀវទេសចរណ៍បរទេសបានកើនឡើង ១៤.៤% កាលពីឆ្នាំមុនដែលឈានដល់កម្រិតខ្ពស់បំផុត គឺ ៤.៧៩ លាននាក់ជាមួយនឹងចំណូលទេសចរណ៍អន្តរជាតិសរុប ៩៣៤ លានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ីបាននិយាយថា ប្រទេសឡាវបានកំណត់គោលដៅភ្ញៀវទេសចរបរទេសចំនួន ៥ លាននាក់ក្នុងឆ្នាំ២០២០ ប៉ុន្តែវិបត្តិសុខភាពពិភពលោកបណ្តាលឱ្យមានការរឹតត្បិតលើការធ្វើដំណើរនិងការធ្លាក់ចុះយ៉ាងខ្លាំង។ ជាមួយគ្នានេះភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសឡាវភាគច្រើនមកពីប្រទេសថៃដែលមានចំនួន ៤៥% នៃចំនួនសរុបកាលពីឆ្នាំមុន បន្ទាប់មកគឺចិន (២១.៣ ភាគរយ) វៀតណាម (១៩.៣ ភាគរយ) និងសាធារណរដ្ឋកូរ៉េ (៤.២ ភាគរយ)៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus