ស្ថានីយបូមទឹកថ្មីចំនួន ៣ កន្លែង​ នឹងចូលមករំដោះការជន់លិចនៅក្នុងក្រុងព្រះសីហនុ
សេដ្ឋកិច្ច October 5, 2020 Chan Sreyny

កាលពីថ្ងៃ០២ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងារគម្រោងស្ថាបនាស្ថានីយបូមទឹកចំនួន៣កន្លែង និងដំឡើងសមត្ថភាពស្ថានីយបូមទឹកចំនួន ១កន្លែង និងបណ្តាញតភ្ជាប់ប្រព័ន្ធលូ នៅក្នុងក្រុងព្រះស៊ីហនុ ដែលអនុវត្តដោយក្រុមហ៊ុន BUCG ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

គួរកត់សម្គាល់ថា ក្រុងព្រះសីហនុមានស្ថានីយចំនួន ៣កន្លែង ដោយទី១ ស្ថានីយបូមទឹកទី២ មានសមត្ថភាពបូមបាន ៤៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ គ្របដណ្តប់លើផ្ទៃដី ៧៦ហិកតា សម្រេចបាន៩៥% ហើយទី២ ស្ថានីយបូមទឹកទី៣ មានសមត្ថភាពបូមបាន ៤៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ គ្របដណ្តប់លើផ្ទៃដី៨៣ហិកតា សម្រេចបាន៩៥% និងទី៣ ស្ថានីយបូមទឹកទី៦ មានសមត្ថភាពបូមបាន ២២០០ម៉ែត្រគូបក្នុងមួយថ្ងៃ គ្របដណ្តប់លើផ្ទៃដី ៣០០ហិកតា សម្រេចបាន ១០%។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសបន្តខិតខំតប្រឹងប្រែងពន្លឿនការងារឱ្យបានចប់តាមការគ្រោងទុក ដើម្បីឆ្លើយតបទៅនឺងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកសមាជិកាគណៈកម្មការគ្រប់គ្រងការងារអនុវត្តគម្រោងសាងសង់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងស្នើឱ្យធ្វើរបាយការណ៍វឌ្ឍនភាពគម្រោងប្រចាំខែឱ្យបានទៀងទាត់ផងដែរ៕

អត្ថបទ៖ លីនី