ឯកឧត្តម មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា ឧស្សាហកម្មដែលវិនិយោគដោយជនជាតិជប៉ុននៅកម្ពុជា មិនបានបិទនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននោះឡើយ ខណៈមានជំងឺរាតត្បាតកូវីដ-១៩ នេះ ពោលគឺមានតែបន្តបង្កើនវិនិយោគបន្ថែមទៀត ជាក់ស្តែងដូចជាក្រុមហ៊ុន Minibear ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ជប៉ុនដែលផលិតគ្រឿងបង្គុំ ម៉ូទ័រតូចៗជាដើម។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សារជាមួយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង នៅទីស្ដីការក្រសួងការងារ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនឱ្យបង្កើនការវិនិយោគនៅកម្ពុជាបន្ថែម និងពង្រីកទីផ្សារនៅជប៉ុន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ជប៉ុន លើគ្រប់វិស័យ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់និងពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត។ រដ្ឋាភិបាលនៃប្រទេសទាំងពីរសុទ្ធតែបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានកោតសរសើរចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះឯកឧត្តម មីកាមិ ក៏ដូចជាឯកឧត្តម អ៉ិត សំហេង សុទ្ធតែបានបង្ហាញពីការមើលឃើញថា ក្រុមអ្នកវិនិយោគទុនជប៉ុន ពិតជាបានរួមវិភាគទានយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការលូតលាស់រីកម្រើនជាបន្តបន្ទាប់។ ឧស្សាហកម្មដែលវិនិយោគដោយជនជាតិជប៉ុនមិនបានបិទនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននោះឡើយ មានតែបន្តបង្កើនវិនិយោគបន្ថែមទៀត ជាក់ស្តែងដូចជាក្រុមហ៊ុន Minibear ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ជប៉ុនដែលផលិតគ្រឿងបង្គុំ ម៉ូទ័រតូចៗជាដើម៕



អត្ថបទ៖ លីនី


