ទូតរុស្ស៊ី វាយតម្លៃខ្ពស់ពីការអភិវឌ្ឍនៅកម្ពុជា និងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរអន្តរជាតិ ដែលបង្ហាញពីអត្តសញ្ញាណដ៏ល្អផូរផង់ និងភាពទន់ភ្លន់តាមរយៈការស្វាគមន៍របស់ប្រជាជនកម្ពុជា។
ឯកឧត្តម ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា រដ្ឋាភិបាលសហព័ន្ធរុស្ស៉ីបានលើកឡើងថា ចាប់តាំងពីឆ្នាំ ១៩៨៤ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន ពិសេសនៅក្នុងទីក្រុងភ្នំពេញមានអគារដ៏ប្រណិត និងស៊ីវិល័យជាច្រើនកំពុងលេចរូបរាងឡើងជាបន្ដបន្ទាប់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ណី សំអុល បានលើកឡើងបន្តថា ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា អ្វីដែលកាន់តែពិសេសដែលធ្វើឱ្យឯកឧត្តមមិនអាចភ្លេចបាននោះគឺ ភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋកម្ពុជាចំពោះការស្វាគមន៍ជនបរទេស និងភ្ញៀវទេសចរដែលមកពីបណ្តាប្រទេសនានានៅលើពិភពលោក។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្សីដែលកន្លងមក បានផ្តល់នូវបរិក្ខាពេទ្យដល់កម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានអបអរសាទរចំពោះរដ្ឋាភិបាលរុស្សី ដែលបានរកឃើញវ៉ាក់សាំងការពារជំងឺកូវីត-១៩ ប្រកបដោយប្រសិទ្ធភាព៕
ប្រភព៖ ក្រសួងព័ត៌មាន


