ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តជាង ១៨ លានដុល្លារ
សេដ្ឋកិច្ច October 2, 2020 Chan Sreyny

ចំណូលដែលបានទទួលមកពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តសរុបចំនួន ១៨,៤៥៦,៣០៧ ដុល្លារអាមេរិករក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ ។

ប្រាក់ចំណូលនេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ៧៥.១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សំបុត្រ ដែលបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៩៦,២៤១ នាក់មានការធ្លាក់ចុះ ៧៦.១៧% ។ ប្រាក់ចំណូលសរុបជាង ៧៩២,៤៨២ ដុល្លារត្រូវបានបរិច្ចាគទៅមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ផ្នែកកុមារ។

នៅក្នុងខែកញ្ញា សំបុត្រចូលទស្សនាត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ២,៩៤៨ នាក់ដែលមានការថយចុះជាង ៩៧.៣៤% បើធៀបនឹងខែកញ្ញា ឆ្នាំ ២០១៩ ដែលនាំមកនូវចំណូលចំនួន ១២៤,២៩៦ ដុល្លារដល់រដ្ឋ។ សូមបញ្ជាក់ផងដែរថា វិស័យទេសចរណ៍នៅកម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ៕

ប្រភព៖ ក្រសួងព័ត៌មាន