រដ្ឋាភិបាលរុស្ស៊ីបានប្រកាសគាំទ្រកម្ពុជា ក្នុងការចរចាចូលទីផ្សារសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីដើម្បីឱ្យកម្ពុជាអាចទទួលបានពាណិជ្ជកម្មសេរី។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ ។
ឯកឧត្តម ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិការអន្តរជាតិបានឱ្យដឹងថា រដ្ឋាភិបាលសហព័ន្ធរុស្ស៉ី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាឱ្យចូលចរចាទៅក្នុងទីផ្សារថ្មីមួយឈ្មោះថា « សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (Eurasian Economic Union) » ដើម្បីឱ្យកម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មរបស់ខ្លួនទៅក្រៅប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈកិច្ចគាំទ្រនេះ នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសម្ព័ន្ធមួយនេះងាយស្រួលជំរុញ ការវិនិយោគ ការពង្រីកទីផ្សារ និងការចូលទៅទីផ្សារថ្មី។ ឯកឧត្តម ណី សំអុល បានបន្តថា ក្នុងជំនួបនោះឯកឧត្តម ប្រាក់ សុខុន ក៍បានថ្លែងអំណរគុណដល់រុស្ស៉ីចំពោះជំហរប្រកាសគាំទ្រកម្ពុជា ហើយភាគីរុស្ស៉ីតាមរយៈឯកអគ្គរដ្ឋទូតបានអរគុណកម្ពុជាវិញដែរ ដែលកម្ពុជាតែងតែគាំទ្របេសកកម្មកាទូតរបស់រុស្ស៊ីគ្រប់កាលៈទេសៈ ទាំងលើឆាកអន្តរជាតិ និងតំបន់៕
ប្រភព៖ ក្រសួងព័ត៌មាន


