កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ-ទេសចរណ៍ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល រយៈពេល ៣ខែ បន្ថែមទៀត
សេដ្ឋកិច្ច October 2, 2020 Chan Sreyny

យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ ខែកញ្ញា កន្លង​ទៅនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងអាកាសចរណ៍រហូតដល់ដំណាច់ឆ្នាំនេះ។

តាមរយៈសេក្ដីប្រកាស​ព័ត៌មានបានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ និយោជិតម្នាក់ៗ ដែលត្រូវបានបញ្ឈប់ពីការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វាយនភណ្ឌស្បែកជើងកាបូប និងឧស្សាហកម្មទេសចរណ៍រយៈពេល ៣ ខែទៀតរហូតដល់ដំណាច់ឆ្នាំ២០២០ រួមជាមួយវិធានការណ៍គាំទ្រផ្សេងៗទៀត។

ជាមួយគ្នានេះកម្មវិធីជំនួយជាសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងគ្រោះដោយការរាតត្បាតវីរុស Covid-19 ក៏នឹងត្រូវពន្យារផងដែរសម្រាប់រយៈពេល ៣ ខែទៀតរហូតដល់ដំណាច់ឆ្នាំ។ សូមជម្រាបផងដែរថា នេះជាលើកទី៦ ហើយ ដែលរាជរដ្ឋាភិបាលបានគាំទ្រដល់វិស័យឯកជន កម្មករក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌ រួមទាំងវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19។ ហើយគិតត្រឹមថ្ងៃទី១០ ខែកញ្ញា នេះរាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ៧៨ លានដុល្លារអាមេរិក ដើម្បីជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងគ្រោះដោយសារជំងឺរាតត្បាត៕

ប្រភព៖ ក្រសួងព័ត៌មាន