វៀតណាម ចាប់ផ្ដើមបើកទីផ្សារទេសចរណ៍ឡើងវិញជាបណ្ដើរៗ សម្រាប់អ្នកដំណើរ
សេដ្ឋកិច្ច October 1, 2020 Chan Sreyny

រដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) បានធ្វើផែនការបើកទីផ្សារជាបណ្តើរៗ សម្រាប់ភ្ញៀវទេសចរតាមរយៈការដាក់ចេញកម្មវិធីជំរុញលើកទី២ របស់ខ្លួន ប៉ុន្តែជួបការលំបាកដោយសារតែរដូវនេះពុំសូវមានភ្ញៀវទេសចរ និងការព្រួយបារម្ភអំពីការវិវត្តនៃជំងឺរាតត្បាត Covid-19 ។

អគ្គនាយក VNAT លោក Nguyen Trung Khanh បាននិយាយថា VNAT បានចាប់ផ្តើមសកម្មភាពផ្សព្វផ្សាយ និងទំនាក់ទំនងដើម្បីលើកកម្ពស់ប្រទេសវៀតណាមជាទិសដៅប្រកបដោយសុវត្ថិភាព។ នាយករដ្ឋមន្រ្តីវៀតណាម បានអនុញ្ញាតឱ្យចាប់ផ្តើមបើកជើងហោះហើរអន្តរជាតិចំនួន ៦ ឡើងវិញចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដោយបើកជាបណ្តើរៗសម្រាប់ទេសចរណ៍ក្នុងប្រទេស។

អ្នកដំណើរបរទេស ត្រូវតែគោរពតាមវិធានការណ៍សុវត្ថិភាពនៅពេលចូលប្រទេសវៀតណាមរួមមាន៖ ការនៅដាច់ដោយឡែក និងការធ្វើតេស្តរកជំងឺ Covid-19 ។ លោក Khanh បានមានប្រសាសន៍ថា « នៅពេលបង្ហាញថាពួកគេមានសុវត្ថិភាព ភ្ញៀវបរទេសនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ប្រទេស »។

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីណែនាំមួយ ដើម្បីជួយសម្រួលដល់ការចូល និងការស្នាក់នៅរបស់ជនបរទេសនៅក្នុងប្រទេស។ ដូច្នេះ អ្នកដំណើរដែលចូលទៅប្រទេសវៀតណាម គឺត្រូវមានលិខិតឆ្លងដែនផ្លូវការ និងការទូត បុគ្គលិកនៃអង្គការអន្តរជាតិ អ្នកជំនាញ អ្នកគ្រប់គ្រង កម្មករជំនាញ វិនិយោគិន និស្សិត និងសាច់ញាតិបរទេសរបស់ជនជាតិវៀតណាម ដោយមិនរាប់បញ្ចូលភ្ញៀវទេសចរណ៍អន្តរជាតិនោះទេ៕

ទន្ទឹមនឹងនេះ ក្នុងរយៈពេល ៩ ខែកន្លងមកនេះ វិស័យទេសចរណ៍របស់វៀតណាមបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត។ ដូច្នេះ វិធានការណ៍ដើម្បីស្តារឧស្សាហកម្មនេះឡើងវិញ និងទប់ស្កាត់ការឆ្លងរាលដាលត្រូវតែមានការដាក់ពង្រាយជាបន្ទាន់។

គួរឱ្យដឹងផងដែរថា ក្នុងបរិបទដែលរលកទី២ នៃ Covid-19 នៅវៀតណាមត្រូវបានគ្រប់គ្រងជាមូលដ្ឋានក្នុងកម្មវិធីជំរុញលើកទី២ មានគោលបំណងដើម្បីស្តារ និងជំរុញការធ្វើដំណើរក្នុងស្រុកដែលបានខាតបង់ ដោយសារការបិទទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទ៖ នីតា
ប្រភព៖ vietnaminsider