ឧទ្យានបុរាណវិទ្យាអង្គរ ក្នុងខេត្តសៀមរាបបានទទួលភ្ញៀវទេសចរបរទេសសរុបចំនួន ៣៩៦,២៤១ នាក់ ក្នុងរយៈពេល ៩ខែ នៃដើមឆ្នាំនេះ ដោយរកចំណូលបាន ១៨,៤៥៦,៣០៧ ដុល្លារអាមេរិក។ តួលេខនេះត្រូវបានចែករំលែកដោយគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកគ្រប់គ្រងចំណូលអង្គរ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកមិញនេះ។
ចំនួនភ្ញៀវទេសចរបរទេស និងប្រាក់ចំណូលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺ ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះ ៧៦.១៧% ខណៈដែលប្រាក់ចំណូលបានធ្លាក់ចុះ ៧៥.១៧%។ ជាមួយគ្នានេះក្នុងខែកញ្ញា សំបុត្រចូលទស្សនាអង្គរត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ២,៩៤៨នាក់ ដែលរកប្រាក់ចំណូលបាន ១២៤,២៩៦ ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះបើធ្វើការប្រៀបធៀបទៅខែកញ្ញាឆ្នាំមុន ភ្ញៀវទេសចរបរទេសក្នុងឆ្នាំនេះ ធ្លាក់ចុះ ៩៧.៣៤% ហើយប្រាក់ចំណូលវិញធ្លាក់ចុះ ៩៧.៤៥%។ គួរបញ្ជាក់ផងដែរថា វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតនៅជុំវិញពិភពលោកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 ដែលមកទល់ពេលនេះបានសម្លាប់មនុស្សជាង ១ លាននាក់នៅលើពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន


