ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៣០ ខែកញ្ញា បានយល់ព្រមផ្តល់ប្រាក់កម្ចីដែលមានទឹកប្រាក់ ៦០០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការគាំទ្រដល់ការការពារសង្គមសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះបំផុត ខណៈពេលដែលមានជំងឺរាតត្បាត Covid-19 ។
ប្រាក់កម្ចីនេះ នឹងបន្តការគាំទ្រដល់រដ្ឋាភិបាលហ្វីលីពីន ដើម្បីអនុវត្តកម្មវិធី Pantawid Pamilyang Pilipino Program (4Ps) ដែលជាផែនការរបស់រដ្ឋាភិបាលជាតិ ក្នុងការផ្តល់ជំនួយជាសាច់ប្រាក់តាមលក្ខខណ្ឌដល់គ្រួសារក្រីក្របំផុត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានសារៈសំខាន់ណាស់ដើម្បីធានាថាកុមារនៃគ្រួសារក្រីក្រអាចបន្តការសិក្សា និងមានសុខភាពល្អ ខណៈដែលប្រទេសនេះចាត់វិធានការដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ។

លោក Ndiamé Diop នាយកប្រចាំប្រទេសរបស់ WB ប្រចាំប្រទេសព្រុយនេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃបានមានប្រសាសន៍ថា « នៅក្នុងគ្រាលំបាកនេះ ការផ្ទេរសាច់ប្រាក់ទៅអ្នកក្រីក្រ និងជនងាយរងគ្រោះ គាំទ្រដោយប្រយោលដល់សេដ្ឋកិច្ចក្នុងស្រុក និងជំរុញការរំពឹងទុកសម្រាប់ការងើបឡើងវិញ »។

គម្រោងនេះ នឹងគាំទ្រដល់ការប្រើប្រាស់របស់រដ្ឋាភិបាលហ្វីលីពីន ទៅលើបច្ចេកវិទ្យា និងវេទិកាឌីជីថលទំនើបៗ អភិវឌ្ឍដំណើរការ និងប្រព័ន្ធដែលមានប្រសិទ្ធភាពជាងមុន និងលើកកម្ពស់យន្តការកំណត់គោលដៅ។ ដោយបានអនុវត្តនៅក្នុងទីក្រុងចំនួន ១៤៥ និងក្រុងចំនួន ១,៤៨៣ នៃប្រទេសហ្វីលីពីនកម្មវិធីផ្តល់ជូន 4Ps បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ៤ លានគ្រួសារ ឬប្រហែល ២០% នៃប្រជាជនសរុបក្នុងនោះមានកុមារ ៨,៧ លាននាក់៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


