យោងតាមរបាយការណ៍លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ និងលទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ៩ខែដើមឆ្នាំ២០២០ ពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញម្ទេសរបស់កម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២០ នេះ ឃើញថាមានការកើនឡើងទ្វេដង បើធៀបប្រៀបទៅនឹងឆ្នាំ២០១៩។
ជាក់ស្ដែងរយៈពេលត្រឹមតែ ៩ខែនៃឆ្នាំនេះ កម្ពុជាបាននាំចេញម្ទេសស្រស់ចំនួន ៥៥ ១៥៤.៦០ តោន និងម្ទេសក្រៀម ១,៥០០ តោន ដែលចំនួននេះបង្ហាញនូវការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំកន្លងទៅ។ គួរឲ្យដឹងផងដែរថា ប្រជាជនថៃនិយមចូលចិត្ត ពិសាម្ទេសជាអាហារប្រចាំថ្ងៃរបស់ខ្លួន ដែលតម្រូវការនេះធ្វើឲ្យកម្ពុជា មានឱកាសអាចនាំចេញទៅប្រទេសនេះបាន ដើម្បីបំពេញការខ្វះខាត។ ម្ទេសដែលកម្ពុជានាំចូលទៅថៃភាគច្រើនជាម្ទេសដៃនាង និងម្ទេសអាចម៍សត្វ។

ជាមួយគ្នានេះ លទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជា ទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា មាននិន្នាកាកើនឡើងជាលំដាប់។ ជាក់ស្តែងនៅឆ្នាំ២០១៥ យើងសម្រេចនាំចេញបាន ១,០០២ តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១,៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១,៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥,៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥,៥១៣ តោន។ ដោយឡែក ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២០ នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៥៥ ១៥៤.៦០ តោន និងម្ទេសក្រៀម ១,៥០០ តោន៕

អត្ថបទ៖ លីនី


