យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ត្រូវបានគេរំពឹងថា នឹងនាំឱ្យមានកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងរយៈពេលជាង ៥០ ឆ្នាំនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក៏ដូចជាប្រទេសចិនផងដែរ។
WB បាននិយាយថា នៅតាមដំបន់នៅឆ្នាំនេះត្រូវបានគេព្យាករថា នឹងកើនឡើងត្រឹមតែ ០.៩% ដែលជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦៧ ។ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ២% នៅឆ្នាំនេះ ដែលជំរុញដោយការចំណាយរបស់រដ្ឋាភិបាល ការនាំចេញ និងអត្រានៃការឆ្លងជំងឺ Covid-19 ដែលមានអត្រាទាបចាប់តាំងពីខែមីនា ប៉ុន្តែមានការថយចុះក្នុងការប្រើប្រាស់នៅក្នុងស្រុក។

WB បានបន្តថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកត្រូវបានគេព្យាករថានឹងមានការធ្លាក់ចុះ ៣.៥% ។ ជំងឺរាតត្បាត និងការខិតខំដើម្បីទប់ស្កាត់ការរីករាលដាល បាននាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃសកម្មភាពសេដ្ឋកិច្ច។ បណ្តាប្រទេសក្នុងតំបន់ទាំងនេះ ប្រហែលជាត្រូវការបន្តធ្វើកំណែទម្រង់សារពើពន្ធ ដើម្បីប្រមូលចំណូលដើម្បីឆ្លើយតបនឹងផលប៉ះពាល់ខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីការរាតត្បាត ខណៈកម្មវិធីគាំពារសង្គមអាចជួយគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្មករចូលទៅក្នុងសេដ្ឋកិច្ចវិញ។
WB បានបន្ថែមថា ភាពច្របូកច្របល់នៃសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាតនេះក៏ត្រូវបានគេរំពឹងថា នឹងនាំទៅរកភាពក្រីក្រដែលត្រូវបានកំណត់ជាប្រាក់ចំណូល ៥.៥០ ដុល្លារក្នុងមួយថ្ងៃ ដោយផ្អែកលើបទពិសោធន៍កន្លងមក និងការព្យាករណ៍ផលិតផលក្នុងស្រុកសរុបចុងក្រោយ ភាពក្រីក្រអាចនឹងកើនឡើងដល់ប្រជាជនចំនួន ៣៨ លាននាក់ ដែលជាការកើនឡើងជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំខាងមុខ៕
អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


