ខេត្តព្រះសីហនុ នឹងកាន់តែរីកចម្រើនទៅមុខជាលំដាប់ ព្រោះវិនិយោគិនសឹង្ហបុរីជាច្រើនអាចនឹងមកវិនិយោគនៅពេលខាងមុខ បន្ទាប់ពីខេត្តមួយនេះទទួលបានវិនិយោគិនយ៉ាងច្រើនពីប្រទេសចិន។ ជាក់ស្ដែង ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា រូបលោកសង្ឃឹមថានៅពេលដែលវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់នោះ អ្នកវិនិយោគសឹង្ហបុរីនឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍន៍ និងភាពរីកចំរើនរបស់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។ នៅក្នុងជំនួបនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី បានមានប្រសាសន៍ថា រូបលោកចង់ឃើញតំបន់ដែលកម្ពុជា និងសឹង្ហបុរីធ្វើការអភិវឌ្ឍន៍រួមគ្នា និងសង្ឃឹមថានៅពេលកូវីដ-១៩ ត្រូវបានបញ្ចប់ នឹងមាននាវាទេសចរណ៍ធំៗ យ៉ាងច្រើនចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីនុជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រសស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុមានការកើនឡើង។ បច្ចុប្បន្នខេត្តមានកំពង់ផែទឹកជ្រៅអាចឱ្យនាវាដឹកជញ្ជូនចូលចតដែលមានជម្រៅទឹក ៨,៥០ម៉ែត្រ ។ ដោយរាជរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍន៍កំពង់ផែ ដើម្បីបង្កើនសមត្ថភាពឱ្យនាវាមានជម្រៅទឹកជ្រៅអាចចូលចតបាន និងធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនប្រកួតប្រជែងមានការធ្លាក់ចុះ។ ធ្វើការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ពីកម្រិតអាចឱ្យយន្តហោះ 3E ទៅ4E និងពង្រីកផ្លូវរត់រហូតដល់ ៣.២០០ម៉ែត្រ។

លើសពីនេះខេត្តព្រះសីហនុ បានផលិតថាមពលអគ្គិសនីចែកចាយទៅបណ្ដាញជាតិ បច្ចុប្បន្នខេត្តផលិតថាមពលអគ្គិសនីបាន ១,០០០មេហ្គាវ៉ាត់ ហើយការប្រើប្រាស់ក្នុងខេត្ត ក្នុងរង្វង់តែ ១០០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ ដោយឡែកបញ្ហាទឹកស្អាត ដោយសារឆ្នាំកន្លងមកជួបបញ្ហាប្រឈមដោយសារកំណើនអ្នកវិនិយោគមកយ៉ាងកំហុគ ក៏ប៉ុន្តែមកដល់បច្ចុប្បន្នយើងផលិតទឹកស្អាតបានរហូត ១០ម៉ឺនម៉ែត្រគូប ហើយបរិមាណទឹកប្រើប្រាស់សព្វថ្ងៃត្រឹមតែ ៧ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតរហូត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា សឹង្ហបុរី ជាស្ថាបនិកបង្កើតអាស៊ាន ហើយកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយសឹង្ហបុរី តាំងពីសម័យព្រះបរមរតនកោដ្ឋមកម្លេះ ព្រមទាំងបានជម្រាបជូនពីស្ថានភាពភូមិសាស្រ្ត និងសក្តានុពលរបស់ខេត្តព្រះសីហនុផងដែរ។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាកសាងផ្លូវចំនួន ៣៤ខ្សែ នឹងត្រូវបញ្ចប់ការស្ថាបនានៅចុងខែមេសា ឆ្នាំ២០២១ខាងមុខនេះ និងការស្ដារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ត្រីរាជការដែលបានចំណាយពេលវេលាអនុញ្ញាតឱ្យលោកចូលជួបពិភាក្សាឈ្វេងយល់អំពីការអភិវឌ្ឍន៍ និងភាពរីកចំរើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នម្យ៉ាងទៀតឆ្នាំនេះជាខួបការទូតទី៥៥ រវាងសឹង្ហបុរី និងកម្ពុជាដែលមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម ការចែករំលែកចំណេះដឹងជាដើម ។ល។ ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងសឹង្ហបុរី និងកម្ពុជាមាន ៤.៨ ពាន់លានដុល្លារ និងឆ្នាំ២០១៩ មាន ៤.២ ពាន់លានដុល្រលា ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២០ មាន ២ពាន់លានដុល្លារ៕
អត្ថបទ៖ លីនី


