ប្រទេសថៃនឹងចាប់ផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញបន្តិចម្តងៗ ជាមួយនឹងការហោះហើរពីប្រទេសចិន
សេដ្ឋកិច្ច September 30, 2020 Chan Sreyny

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃនឹងទទួលបានអ្នកទេសចរបរទេសលើកដំបូងនៅពេលដែលជើងហោះហើរពីប្រទេសចិនមកដល់នៅសប្តាហ៍ក្រោយ ដោយកត់សម្គាល់នូវការចាប់ផ្តើមឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍ ដែលត្រូវបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការទប់ស្កាត់ការឆ្លងរីករាលដាលវីរុស Covid-19។​

លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបានប្រាប់រ៉យទ័រថា ការហោះហើរលើកដំបូងនឹងមានភ្ញៀវទេសចរប្រហែល ១២០ នាក់មកពីទីក្រុងក្វាងចូវ ដោយហោះហើរដោយត្រង់ទៅកាន់កោះភូកេត។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលលោក Traisulee Traisoranakul រំពឹងថា នឹងមានភ្ញៀវទេសចរចំនួន ១២០០ នាក់នៅក្នុងខែដំបូង ដែលបង្កើតបានប្រាក់ចំណូលប្រហែល ១ ពាន់លានបាត និង ១២,៤ ពាន់លានបាត ក្នុងរយៈពេលមួយឆ្នាំពីភ្ញៀវទេសចរ ១៤,៤០០ នាក់។

ទោះបីជាយ៉ាងនេះក្ដី លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានប្រាប់អ្នកយកព័ត៌មានថា « យើងមិនបានបើកប្រទេសទេ យើងកំពុងកំណត់ចំនួននៃការបញ្ចូល ហើយនឹងគ្រប់គ្រងជាមួយ ឧបករណ៍តាមដាន និងកម្មកម្មវិធីនានាដើម្បីតាមដានពួកគេ »។ ហេតុដូច្នេះ លក្ខខណ្ឌជនជាតិដែលត្រូវបានអនុញ្ញាតឱ្យចូល គឺត្រូវតែជាអ្នកមកពីប្រទេសដែលត្រូវបានគេចាត់ទុកថា មានហានិភ័យទាបពីការ​រីករាលដាលនៃវីរុស Covid-19។

ប្រទេសថៃកាលពីខែមករា គឺជាប្រទេសដំបូងគេ បន្ទាប់ពីប្រទេសចិនដែលបានរកឃើញការផ្ទុះឡើងវីរុស Covid-19 នៃភ្ញៀវមកពីទីក្រុងវូហាន។ ហើយបច្ចុប្បន្នបើទោះបីជាប្រទេសនេះបានរក្សាការឆ្លងមេរោគក្នុងកម្រិតទាបក៏ដោយ ក៏សេដ្ឋកិច្ចបានរងការវាយប្រហារ ដោយសារការហាមឃាត់ពីភ្ញៀវទេសចរបរទេសចាប់តាំងពីខែមេសា ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៨.៥% នៅឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost