សម្រស់ទឹកធ្លាក់ថ្មដាតូច កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ
ទេសចរណ៍ September 29, 2020 Chan Sreyny

រមណីយដ្ឋាន “ទឹកធ្លាក់ថ្មដាតូច” ឬហៅថា “ទឹកធ្លាក់ភ្នំ ១៥០០” ឋិតក្នុងទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិដោយសារនៅតំបន់នេះ មានទេសភាពស្រស់ត្រកាលគ្របដណ្តប់ទៅដោយព្រៃព្រឹក្សាខៀវស្រងាត់ មានជ្រលងដងអូរ ភ្នំ ផ្ទាំងថ្ម ទឹកជ្រោះហូរជាដំណាក់ៗ ហើយការធ្វើដំណើរទៅកម្សាន្តលើផ្លូវរលោងស្អាត មានផ្លូវបត់បែនឡើងចុះបង្កភាពសប្បាយរីករាយជាខ្លំាង។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានបញ្ជាក់ថា រៀងរាល់ថ្ងៃសៅរ៍-អាទិត្យភ្ញៀវដែលបានមកកម្សាន្តក្នុងតំបន់នេះមានប្រមាណចាប់ពី ២០០០ នាក់ឡើងទៅ។ លោកបញ្ជាក់ថា មន្ទីរទេសចរណ៍ក៏ដូចជាដៃគូពាក់ព័ន្ធនឹងកែលម្អនៅតាមកន្លែងមួយចំនួនបន្ថែមទៀតឱ្យកាន់តែមាន
ភាពងាយស្រួល ទៅដល់ភ្ញៀវទេសចរដែលបានមកកម្សាន្តដើម្បីធ្វើឱ្យពួកគាត់មកម្តងហើយចង់ម្តងទៀត។

លោក​បានបញ្ជាក់​ថា យើងបានអភិវឌ្ឍតំបន់នេះ ដោយមិនមានការកែច្នៃអ្វីឱ្យខុសអ្វីប្លែកពីធម្មជាតិនោះទេ ដោយយើងទុកជាលក្ខណៈធម្មជាតិហើយយើងក៏មានក្រុមហ៊ុនឯកជនគេវិនិយោគនៅតំបន់នេះ ដោយទី១ យើងផ្ដោតទៅលើចំណតរថយន្ត អនាម័យ និងយើងអាចត្រួសត្រាយមួយចំនួនបានមិនឲ្យអ្វីខុសប្លែកពីធម្មជាតិ ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិចូលមកកម្សាន្ត។

សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចនេះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ថិតនៅចន្លោះជ្រលងភ្នំ១៥០០៕

ប្រភព៖ ក្រសួងព័ត៌មាន