ទីក្រុងប៉េកាំងរបស់ប្រទេសចិនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានអំពាវនាវដល់អ្នកនាំចូល ឲ្យជៀសវាងអាហារក្លាសេពីបណ្ដាប្រទេសនានា ដែលមានការរីករាលដាលខ្លាំងនៃវីរុស Covid-19។ ការអំពាវនាវនេះត្រូវបានធ្វើឡើងបន្ទាប់ពី ប្រទេសចិនបានរកឃើញករណីជាច្រើននៃផលិតផលអាហារសមុទ្រដែលនាំចូលមានជាប់ដានវីរុស Covid-19។
ការិយាល័យពាណិជ្ជកម្មក្រុងប៉េកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រុមហ៊ុនពាណិជ្ជកម្មថា «ពន្ធគយ និងរដ្ឋាភិបាលក្នុងតំបន់បានរកឃើញវីរុសនេះម្តងហើយម្តងទៀត នៅក្នុងអាហារប្រភេទត្រជាក់ (ក្លាសេ) ដែលបាននាំចូល ដែលនេះបង្ហាញថាវាមានគ្រោះថ្នាក់ដល់ការចម្លងរោគនៅក្នុងប្រទេស »។ ហេតុដូច្នេះការិយាល័យបានជំរុញឱ្យពួកគេតាមដានស្ថានការណ៍រាតត្បាតនៅក្រៅប្រទេសយ៉ាងជិតស្និទ្ធ និង ជៀសវាងការនាំចូលអាហារប្រភេទត្រជាក់ ឬ កក ពីតំបន់ដែលរងការវាយប្រហារដោយវីរុស Covid-19 និងធ្វើផែនការជំនួសសម្រាប់ការនាំចូល។
គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានរាយការណ៍ថាគ្មានការឆ្លងវីរុសក្នុងតំបន់ទេ ក្នុងរយៈពេលជាងមួយខែមកនេះ ប៉ុន្តែថ្មីៗនេះបានរកឃើញដានវីរុស Covid-19 នៅលើវេចខ្ចប់ផលិតផលជលផល ដែលនាំចូលនៅក្នុងខេត្តជីលីន និងទីក្រុងឈីងតាវ។ ហើយជាក់ស្ដែងក្នុងខែនេះ ប្រទេសចិនបានផ្អាកការនាំចូលពីអ្នកផលិតគ្រឿងសមុទ្រនៅប្រេស៊ីល ឥណ្ឌូនេស៊ី និងរុស្ស៊ីរយៈពេលមួយសប្តាហ៍ ឬ យូរជាងនេះ៕
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia