យោងតាមការិយាល័យសេដ្ឋកិច្ចកសិកម្មថៃបានឱ្យដឹងថា តម្លៃស្រូវ និងនិន្នាការទីផ្សាររបស់ថៃកំពុងជះឥទ្ធិពលដល់ការលក់។
អគ្គលេខាធិការការិយាល័យថៃលោកស្រី Unchana Tracho មានប្រសាសន៍ថា ស្រូវដែលកសិករថៃផលិតមិនមែនជាអ្វីដែលទីផ្សារចង់បានទេ។ លោកស្រីពន្យល់ថា កសិករថៃភាគច្រើនដាំដុះស្រូវរឹង ខណៈទីផ្សារទាមទារអង្ករទន់។ ដូច្នេះអ្នកនាំចូលបរទេស កំពុងជ្រើសរើសយកអង្ករទន់ពីប្រទេសវៀតណាមជំនួសវិញ ដែលបណ្តាលឱ្យទីផ្សារអង្ករថៃធ្លាក់ចុះ។

លោកស្រីបន្ថែមថា អង្ករថៃមានតម្លៃថ្លៃជាងបើប្រៀបធៀបទៅនឹងការប្រកួតប្រជែង ហើយអង្ករទន់របស់ថៃមិនអាចប្រកួតប្រជែងជាមួយអង្ករទន់របស់វៀតណាមបានទេ ដោយសារគុណភាព និងរសជាតិរបស់វា។ លោកស្រីបន្តថា « ទោះជាយ៉ាងណា រដ្ឋាភិបាលថៃបានស្រាវជ្រាវអំពីការកែលម្អគុណភាពអង្ករ ក៏ដូចជាវិធីកែច្នៃផលិតផល »។
គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល ២ ខែទៀតការិយាល័យថៃបានព្យាករណ៍ថា តម្លៃស្រូវនឹងមិនខុសគ្នាច្រើនពីថ្លៃអង្ករដទៃទៀតទេ។ ក្រៅពីនេះ រដ្ឋាភិបាលថៃបានត្រៀមវិធានការដើម្បីគ្រប់គ្រងតម្លៃនាពេលអនាគត៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


