ថៃ៖ ចង្រិតបំពងបានក្លាយជាអាហារសម្រន់ដ៏មានប្រជាប្រិយភាពមួយមិនថាសម្រាប់តែពលរដ្ឋអាស៊ីនោះទេ សូម្បីតែពលរដ្ឋនៅតំបន់អឺរ៉ុបនិងអាមេរិកក៏កំពុងតែផ្ដើមចាប់អារម្មណ៍លើសត្វល្អិតប្រភេទនេះខ្លាំងណាស់ដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចង្រិតត្រូវបានគេដឹងជាទូទៅថា ជាប្រភេទសត្វល្អិតដែលសម្បូរទៅដោយប្រូតេអ៊ីនហើយចង្រិតអាចត្រូវបានគេយកទៅញ៉ាំលេងជាអាហារសម្រន់ ជាគ្រឿងក្លែម និងអ្នកខ្លះវិញថែមទាំងយកវាទៅធ្វើជាម្ហូបសម្រាប់ញ៉ាំជាមួយបាយទៀតផង។
យ៉ាងណាក្តី សម្រាប់នៅក្នុងប្រទេសថៃវិញឧស្សាហកម្មចិញ្ចឹមចង្រិតសម្រាប់លក់ទាំងនៅក្នុងស្រុកនិងក្រៅស្រុកត្រូវបានគេកត់សម្គាល់ឃើញថា គឺជាប្រភពបង្កើតប្រាក់ចំណូលដ៏ធំមួយពោលគឺមានតម្លៃរហូតដល់ជាង ១ ពាន់លានបាត ( ៣១ ៦០៥ ៥៧០ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ទីផ្សារចង្រិតថៃសម្រាប់ផ្គត់ផ្គង់ទៅកាន់បរទេសមានការកើតនឡើង ២៣ % ក្នុងមួយឆ្នាំ ហើយប្រទេសដែលបញ្ជាទិញចង្រិតពីថៃនោះមានដូចជាអាមេរិក ចិន ជប៉ុន និងសហគមន៍អឺរ៉ុបជាដើម។
ដោយសម្លឹងឃើញឱកាសមាសក្នុងការវិនិយោគដូចនេះ ក្រសួងកសិកម្មនិងសហករណ៍ថៃបានកំពុងតែជំរុញឲ្យពលរដ្ឋខ្លួននៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្ត Khon Kaen, Kalasin, Nakhon Phanom, Buri Ram និង ខេត្ត Maha Sarakham បង្កើតកសិដ្ឋានចិញ្ចឹមចង្រិតឲ្យបានច្រើនដើម្បីបំពេញតម្រូវការក្នុងស្រុកផងនិងសម្រាប់នាំចេញទៅក្រៅប្រទេសផង ដោយក្រុមការងាររបស់ក្រសួងបានចុះទៅបង្រៀនពលរដ្ឋពីវិធីសាស្ត្រក្នុងការចិញ្ចឹមចង្រិតដោយផ្ទាល់ដល់ពលរដ្ឋនិងថែមទាំងមានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំពោះពួកគាត់សម្រាប់ការផ្តើមចិញ្ចឹមចង្រិតជាលើកដំបូងទៀតផង។
មន្ត្រីជំនាញថៃបានឲ្យដឹងថា ចង្រិតត្រូវការពេលចិញ្ចឹមក្នុងរយៈពេល ១,៥-២ ខែ ទើបអាចចាប់លក់បាន ដូចនេះម្ចាស់កសិដ្ឋានអាចម្រមូលផលបានប្រមាណជា ៦ ដងក្នុងមួយឆ្នាំ ហើយពេលជិតប្រមូលផលជាទូទៅគេឲ្យចង្រិតស៊ីល្ពៅជាអាហារដើម្បីឲ្យចង្រិតមានរសជាតិឆ្ងាញ់។ មន្ត្រីជំនាញរូបនេះបានបន្តថា ក្នុងការចិញ្ចឹមចង្រិតម្ចាស់កសិដ្ឋានត្រូវការដើមទុន ៤១ បាត (១,២៩ ដុល្លារអាមេរិក) សម្រាប់ចិញ្ចឹមចង្រិតមួយគីឡូក្រាម ហើយពួកគាត់អាចលក់ចេញវិញក្នុងតម្លៃជាធម្យម ៨០ បាត (២,៥២ ដុល្លារអាមេរិក)ក្នុងមួយគីឡូក្រាម ហើយបើតាមការស្ទង់មតិបានបង្ហាញថាកសិដ្ឋានចិញ្ចឹមចង្រិតមួយអាចរកប្រាក់ចំណូលបានប្រមាណជា ១៦៣ ៤៦៤ បាត (៥ ១៦១ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ខណៈការចិញ្ចឹមចង្រិតគ្រាន់តែជាមុខរបរបន្ថែមួយពីលើការងារស្នូលរបស់ពលរដ្ឋតែប៉ុណ្ណោះ។
សម្រាប់របាយរណ៍កាលពីឆ្នាំ ២០១៨ បានបង្ហាញថា នៅទូទាំងប្រទេសថៃមានកសិដ្ឋានចិញ្ចឹមចង្រិតជាង ២០ ០០០ កន្លែង អាចផ្ដល់ទិន្និផលចង្រិតសរុបខ្ទង់ ៧០០ តោនក្នុងមួយឆ្នាំ និងបើគិតជាទឹកប្រាក់គឺជាង១ ពាន់លានបាត ខណៈពេលនេះរដ្ឋាភិបាលថៃកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញឲ្យឧសកម្មមួយនេះកាន់តែរីកធំឡើងជាពិសេសគឺការនាំចេញទៅក្រៅប្រទេសតែម្តង៕

អត្ថបទ៖ភក្តី
ប្រភព៖ Bangkok Post


