ក្រសួងកសិកម្មគ្រោងចែកគ្រាប់ពូជស្រូវដល់ប្រជាកសិករ ដែលជួបគ្រោះមហន្តរាយផ្សេងៗជាបន្តបន្ទាប់ទៀត ដើម្បីយកទៅដាំដុះ ស្ដារលទ្ធភាពបង្កបង្កើនផលដែលបានខូចខាតដោយគ្រោះរាំងស្ងួតទឹកជំនន់ និងជំនន់ទឹកភ្លៀងជាដើម នេះបើយោងតាមការចេញផ្សារបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅនេះ។
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រសួងបានតៀមពូជស្រូវសុទ្ធ ដែលមានគុណភាពខ្ពស់ និងឧបករណ៍សម្ភារកសិកម្មមួយចំនួន សម្រាប់ផ្តល់ជូនប្រជាកសិករ ដែលជួបគ្រោះមហន្តរាយ ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងជូនកសិករ ឲ្យបានគ្រប់គ្រាន់ ។

លោកបានបញ្ជាក់ថា៖ « ក្រសួងកសិកម្មយើងមានបម្រុងតាមរយៈប្រព័ន្ធស្បៀងបំរុងកម្ពុជា យើងមានចំនួន ២ពាន់តោនសម្រាប់ដំណាំស្រូវ ចំណែកបន្លែរួមផ្សំ ចំនួន ២៥ តោន ។ ប៉ុន្តែគ្រាប់ពូជទាំងនេះយើងអាចប្រើប្រាស់បានក្នុងករណីជួបគ្រោះមហន្តរាយនានា ដូចជាគ្រោះទឹកជំនន់គ្រោះរាំងស្ងួតដែលខូច យើងត្រូវស្ដារឡើងវិញក្រសួងបានត្រៀមរួចហើយ។ ប្រសិនបើមានការស្នើសុំតាមរយៈខេត្ត គណៈគ្រប់គ្រងគ្រោះមហន្តរាយខេត្តមកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ខាងអគ្គកសិកម្មនិងបញ្ចេញគ្រាប់ពូជទាំងអស់នោះ។ គេនឹងចុះទៅវាយតម្លៃ តើវាមានការខ្វះខាតយ៉ាងម៉េច បញ្ហាជួបគ្រោះខ្លាំងយ៉ាងណា យើងមានការត្រៀមក្នុងគ្រាអាសន្ន»។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ដោយសារបញ្ហារាំងស្ងួត និងទឹកជំនន់ទន្លេមេគង្គ រាជរដ្ឋាភិបាលបានបញ្ចេញគ្រាប់ពូជស្រូវ ដើម្បីដាំដុះ ស្តារឡើងវិញ លើផ្ទៃដីដែលបានខូចខាតអស់ចំនួន ១,១៥១,៨៥០គីឡូក្រាម ។ ហើយក្នុងឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានបញ្ចេញ គ្រាប់ពូជស្រូវស្តារឡើងវិញអស់ ១៧៧,១០០គីឡូក្រាម ដល់កសិករដែលជួបគ្រោះរាំងស្ងួត នៅខេត្តត្បូងឃ្មុំ ព្រៃវែង ព្រះវិហារ តាកែវ កំពង់ចាម និង ខេត្តស្ទឹងត្រែង៕


ប្រភព៖ ក្រសួងព័ត៌មាន


