កសិករថៃដាំកៅស៊ូដែលរងផលប៉ះពាល់ដោយព្យុះ « Noul » នឹងបានទទួលសំណងសម្រាប់ការខូចខាត នេះបើយោងតាមលោក Sukatas Tangwiriyakul អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការរបស់អាជ្ញាធរបាននិយាយថា អាជ្ញាធរកៅស៊ូថៃនឹងបង់ប្រាក់ចំនួន ៣,០០០ បាត (ប្រហែលជាង ៩៤ ដុល្លារ) ក្នុងមួយរ៉ៃ (០.១៦ ហិកតា) ដល់កសិករដែលចម្ការកៅស៊ូរងការខូចខាតដោយសារព្យុះត្រូពិក « Noul »។
លោកបានមានប្រសាសន៍ដូច្នេះថា៖ « ព្យុះត្រូពិក « Noul » ដែលបានវាយប្រហារទៅលើប្រទេសថៃកាលពីសប្តាហ៍មុនបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង កើតជាទឹកជំនន់ និងទឹកហូរនៅតាមបណ្តាខេត្តមួយចំនួនដែលបណ្តាលឱ្យខូចខាតដល់ចម្ការកៅស៊ូនៅតំបន់ជាច្រើន។ ដូច្នេះហើយអាជ្ញាធរបានយល់ព្រមលើកញ្ចប់សំណងសម្រាប់កសិករដែលរងផលប៉ះពាល់ក្រោមបទប្បញ្ញត្តិស្តីពីជំនួយដល់កសិករក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ និងអគ្គិភ័យ។ កសិករអាចទទួលបានសំណង លុះត្រាតែកសិករដែលមានដើមកៅស៊ូយ៉ាងតិច ២០ ដើមក្នុងមួយរ៉ៃដែលរងការខូចខាត ហើយការបង់ប្រាក់អតិបរមាត្រូវបានកំណត់ត្រឹម ៣,០០០ បាតក្នុងមួយរ៉ៃ។

លោកបានបន្ថែមថា លក្ខខណ្ឌផ្សេងទៀតរួមមាន៖ អ្នកដាក់ពាក្យសុំត្រូវតែចុះជាអ្នកដែលបានចុះឈ្មោះដាំកៅស៊ូក្រោមអាជ្ញាធរ ហើយត្រូវតែកាន់កាប់ចម្ការដែលរងផលប៉ះពាល់ដោយព្យុះនេះ។ កសិករត្រូវតែទាក់ទងអាជ្ញាធរដើម្បីទទួលបានសំណងក្នុងរយៈពេល ១៥ ថ្ងៃ បន្ទាប់ពីចំការរបស់ពួកគេត្រូវបានខូចខាត ឬ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិបានបញ្ចប់អាស្រ័យលើស្ថានភាព។ បន្ទាប់មកអាជ្ញាធរនឹងបញ្ជូនមន្រ្តីទៅចម្ការដើម្បីវាយតម្លៃការខូចខាត និងការផ្តល់សំណងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


