ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសវៀតណាមកំពុងស្ទុះងើបឡើងវិញជាបណ្ដើរៗ ដោយចំនួនអ្នកធ្វើដំណើរបានឈានទៅរកកម្រិតមុនពេលរាតត្បាតដោយ covid-19 បន្ទាប់ពីធ្លាក់ចុះអស់រយៈពេលជាច្រើនខែ។ យោងតាមអនុប្រធានអាកាសយានដ្ឋានលោក To Tu Ha បានឲ្យដឹងថា ចំនួនអ្នកដំណើរមានការកើនឡើងប្រចាំសប្ដាហ៍ ១៥% ចាប់តាំងពីដើមខែកញ្ញាមក។
ជាមួយគ្នានេះអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយបានដឹកអ្នកដំណើរបចំនួន ២៩,០០០ នាក់ជារៀងរាល់ថ្ងៃនៅចុងសប្តាហ៍ ពោលគឺជិត ៣ ដងនៃចំនួនប្រចាំថ្ងៃនៃខែសីហានៅពេលមានការលេចចេញនូវវីរុស Covid-19។ បន្ថែមពីនេះវៀតណាមរំពឹងថា ការធ្វើដំណើរក្នុងស្រុកនឹងត្រូវបានរក្សានៅពេញមួយឆ្នាំ ខណៈដែលការធ្វើដំណើរទៅក្រៅប្រទេសភាគច្រើនមានកម្រិត នៅពេលដែលខ្លួនធ្វើបានល្អក្នុងការគ្រប់គ្រងជំងឺរាតត្បាត។

គួរបញ្ជាក់ផងដែរថា ជើងហោះហើរអន្តរជាតិត្រូវបានផ្អាកចាប់តាំងពីខែមីនា ប៉ុន្តែសម្រាប់ជើងហោះហើរក្នុងស្រុកកំពុងស្ទុះងើបឡើងវិញជាណ្ដើរៗ។ ជាក់ស្ដែងបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ប្រតិបត្តិការ ២០០ ជើងហោះហើរក្នុងមួយថ្ងៃដោយចំនួនអ្នកដំណើរកើនឡើងពី ១៧,៥០០ នាក់ក្នុងខែសីហាដល់ជិត ៤០,០០០ នាក់នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះក្រុមហ៊ុន Bamboo Airways កំពុងងើបឡើងវិញជាមួយនឹងចំនួនអ្នកដំណើរកើនឡើងទ្វេដងក្នុងខែនេះដល់ ១២,០០០ ទៅ ១៥,០០០ នាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍ Vietjet បាននិយាយថា ចំនួនអ្នកដំណើរបានកើនឡើង ៣០% ចាប់តាំងពីខែមុន ប៉ុន្តែនៅតែតិចជាងខែកញ្ញាឆ្នាំមុន៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


