ថៃ រំពឹងថាសេដ្ឋកិច្ចរបស់ខ្លួននឹងវិលមករកភាពប្រក្រតីវិញក្នុងរយៈពេល ២ ឆ្នាំទៀត
សេដ្ឋកិច្ច September 26, 2020 Chan Sreyny

យោងតាមលោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្រ្តីថៃបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងវិលមករកភាពប្រក្រតីវិញក្នុងរយៈពេល ២ ឆ្នាំទៀត ដោយសាររដ្ឋាភិបាលថៃបានព្យាយាមកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។

លោក Supattanapong មានប្រសាសន៍ថា រដ្ឋាភិបាលថៃបានប្រើប្រាស់ថវិកាជិត ៨០០ ពាន់លានបាត (២៥ ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់សេដ្ឋកិច្ច។ លោកបន្តថា រដ្ឋាភិបាលនឹងបន្តណែនាំវិធានការជំរុញ និងគ្រោងការឧបត្ថម្ភធនក្រោមគម្រោង “ co-pay ” ជាជាងការចែកជូន និងជួយជំរុញការប្រើប្រាស់។

ទន្ទឹមនឹងនេះ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃលោក Danucha Pichayanan បាននិយាយថា ក្នុងគោលបំណងដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ រដ្ឋាភិបាលថៃបានដាក់ចេញនូវកញ្ចប់ឆ្លើយតបចំនួន ១.៩ ទ្រីលានបាតរួមទាំងផែនការខ្ចី​ប្រាក់ ១ ទ្រីលានបាត។ គួរឱ្យដឹងផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា សេដ្ឋកិច្ចថៃអាចធ្លាក់ចុះ ៨% នៅឆ្នាំនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus