រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល បង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឥតដាច់
ទេសចរណ៍ September 25, 2020 Chan Sreyny

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ​ «ទឹកធ្លាក់ស្រែអំពិល» ដែលបានបង្អួតសម្រស់គួរឱ្យចាប់ចិត្តកំពុងមានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឥតដាច់ ដោយនៅតំបន់នោះមានទេសភាពស្រស់ស្អាត ខ្យល់អាកាសល្អបរិសុទ្ធ ទឹកហូរកាត់ថ្មសណ្ដោងគ្នាឥតដាច់ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងនារដូវវស្សា ពិសេសអាចងូតទឹកលេងកម្សាន្តយ៉ាងសប្បាយទៀតផង។

លោក ម៉ឹង វិសាលសុខ មេឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ទឹកធ្លាក់ស្រែអំពិលនេះ គឺជារមណីយដ្ឋានធម្មជាតិព្រៃភ្នំមានទឹកជ្រោះហូរធ្លាក់ពីលើកំពូលភ្នំឪរ៉ាល់ និងមានផ្ទាំងថ្មជ្រលងជ្រោះទឹកហូរពីលើភ្នំឥតដាច់ មានកន្លែងងូតទឹកលេងកម្សាន្តជាច្រើនអមដោយកញ្ចុសសំរាប់អង្គុយលេងនៅតាមមាត់ជ្រោះប្រមាណ ៣០ កន្លែង និងស្ពាន ៣ កន្លែងសម្រាប់ទទួលភ្ញៀវក្នុងស្រុកមកលេងកម្សាន្តរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ប្រមាណពី ២០០០ នាក់ឡើងទៅ។ លោកបានឱ្យដឹងទៀតថា រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះមានផ្លូវអាចឱ្យរថយន្ដចូលទៅដល់ទឹកធ្លាក់តែម្ដង។

លោកបន្តថា « ភ្ញៀវទេសចរទៅលេងច្រើនក្នុងមួយថ្ងៃៗចាប់ពី ២០០០ នាក់ឡើង ហើយរថយន្តរាប់រយគ្រឿងហើយយើងក៏មិននឹកស្មានថា មានភ្ញៀវទេសចរមកលេងកម្សាន្តច្រើននោះទេ ដោយសារផ្លូវវារលាក់ដែរ ហើយតំបន់នោះក៏នៅឆ្ងាយពីគេក៏ប៉ុន្តែមនុស្សនៅតែសម្រុកចូល ដោយសារទីនោះមានសក្តានុពលល្អ មានទឹកជ្រោះ មានដើមឈើធំៗ ដែលភ្ញៀវទៅហើយចង់ទៅទៀត »។

សូមផងដែរបញ្ជាក់ថា ទឹកធ្លាក់ស្រែអំពិល ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីមួយ ស្ថិតនៅក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយជាង ៥០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ៕

ប្រភព៖ ក្រសួងព័ត៌មាន