ថៃ៖ អង្គការឱសថរដ្ឋាភិបាល (GPO) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនដ៏ធំភីធីធី (PTT) ដើម្បីសាងសង់រោងចក្រដែលអាចផលិតថ្នាំមហារីកគ្រប់ប្រភេទ ដូច្នេះជនជាតិថៃដែលមានជំងឺនេះ នឹងមានលទ្ធភាពទទួលបានការព្យាបាលដោយថ្នាំក្នុងតម្លៃទាបជាងពាក់កណ្តាល។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បាននិយាយថាជំងឺមហារីកគឺ ជាជំងឺរ៉ាំរ៉ៃមួយក្នុងចំណោមជំងឺរ៉ាំរ៉ៃធំៗ នៅក្នុងប្រទេសថៃ និងជាបុព្វហេតុចំបងនៃការស្លាប់ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ប្រជាជនថៃជាង ៨ ម៉ឺននាក់បានស្លាប់ ដោយសារជំងឺមហារីកជារៀងរាល់ឆ្នាំ ហើយការព្យាបាលជំងឺនេះគឺខ្ពស់ខ្លាំងណាស់។

យ៉ាងណាមិញយោងតាមការចុះផ្សាយពីសារព័ត៌មាន nationthailand ការសាងសង់រោចក្រផលិតថ្នាំមហារីកក្នុងស្រុកនេះ នឹងកាត់បន្ថយតម្លៃជាង ៥០% ហើយក៏នឹងកាត់បន្ថយបន្ទុកនៃការនាំចូលឱសថដែលមានតម្លៃជាង ២១ ពាន់លានបាតក្នុងមួយឆ្នាំផងដែរ។ លោកវេជ្ជបណ្ឌិត Witoon Danwiboon អគ្គនាយក GPO បានមានប្រសាសន៍ថា ប្រទេសថៃបច្ចុប្បន្នត្រូវនាំចូលថ្នាំទាំងអស់ដែលទាក់ទងនឹងជំងឺមហារីក។ ទោះយ៉ាងណាលោកមានប្រសាសន៍ថា វិទ្យាស្ថានបានចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ថ្នាំមហារីក ហើយកំពុងទទួលការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនផលិតឱសថឈានមុខគេ។

គួរបញ្ជាក់ផងដែរថា រោងចក្រផលិតថ្នាំនេះស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Wanarom ក្នុងខេត្ត Rayong ហើយការសាងសង់នេះត្រូវបានគេរំពឹងថានឹងចំណាយថវិកាចំនួន ២.៥ ពាន់លានបាត ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ ហើយនឹងចំណាយពេលប្រមាណ ១៤ ខែដើម្បីបញ្ចប់ការសាងសង់។

លើសពីនេះ រោងចក្រនេះនឹងមានសមត្ថភាពផលិតថ្នាំព្យាបាលដោយគីមីចំនួន ៣០ លានគ្រាប់ និងថ្នាំជីវសាស្ត្រ ៣១ លានគ្រាប់ក្នុងមួយឆ្នាំ ដោយផ្តោតលើប៉ាតង់ដែលនឹងផុតកំណត់មុនគេ។ ហើយនៅពេលដែលមានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ប្រទេសថៃអាចបង្កើនសមត្ថភាពផលិតកម្មសម្រាប់ការនាំចេញផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


