គម្រោងស្ថាបនាផ្លូវទាំង ៣៨ ខ្សែនៅក្រុងសៀមរាបនឹងក្លាយជាសមិទ្ធផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តទេសចរណ៍វប្បធម៌ដ៏ធំនេះកាន់តែច្រើន ដោយសារមានផ្លូវស្អាតងាយស្រួលក្នុងការធ្វើដំណើរ និងមិនប្រឈមការកកស្ទះ។
គណៈកម្មការអន្តរក្រសួងកំពុងញាប់ដៃញាប់ជើងសិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ឲ្យរួចរាល់ ដើម្បីត្រៀមបើកការដ្ឋានស្ថាបនាផ្លូវទាំង ៣៨ ខ្សែនៅក្នុងក្រុងសៀមរាមនាខែវិច្ឆិកា ខាងមុខនេះដើម្បីត្រៀមទទួលភ្ញៀវទេសចរក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា ក្រោយពេលផ្លូវថ្នល់ចំនួន ៣៨ ខ្សែបានស្ថាបនារួចរាល់ជាស្ថាពរ និងក្រោយពេលវិបត្តិនៃជំងឺកូវីដ-១៩ បានបញ្ចប់ រំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនកុះករ មកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជាខេត្តមួយមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍។ សម្តេចបន្តថា ដោយសារខេត្តសៀមរាបក៏ជាប៉ូលទេសចរណ៍មួយដ៏សំខាន់ ដូច្នេះការរៀបចំស្ថាបនាផ្លូវថ្នល់ឲ្យមានភាពល្អប្រសើរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រប់វិស័យទាំងអស់ និងជាការគិតគូរដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចបានបញ្ជាក់ថា កិច្ចការហ្នឹងច្បាស់លាស់ហើយយើងឃើញថា បានដកពិសោធន៍នៅខេត្តព្រះសីហនុ ឥឡូវខេត្តព្រះសីហនុប្រែមុខមាត់មួយយ៉ាងសំខាន់ ហើយបង្កលក្ខណៈងាយស្រួលដល់កិច្ចការទាំងឡាយ ជាពិសេសមូលដ្ឋានដើម្បីអភិវឌ្ឍន៍ ឬធ្វើសេដ្ឋកិច្ចផ្សេងៗបានរីកចម្រើនបានងាយស្រួល ទីក្រុងសៀមរាប ក៏ជាប៉ូលមួយដែរដូច្នេះការរៀបចំធ្វើការស្ថាបនាផ្លូវនៅក្នុងខេត្តនេះជាការគិតគូរដ៏ជាក់លាក់ច្បាស់ណាស់ នឹងមានការលើកកម្ពស់កម្រិតគ្រប់វិស័យទាំងអស់យើងនិយាយបានថា ពេលសភាពការណ៍ធូរស្បើយពីកូវីដ-១៩ នេះច្បាស់ណាស់ខេត្តសៀមរាបនេះនឹងទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករជាមិនខាននៅពេលអនាគត ដូច្នេះយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធទុកឲ្យហើយដើម្បីទទួលភ្ញៀវទេសចរមកកម្សាន្តទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ផ្លូវទាំង ៣៨ ខ្សែដែលគ្រោងស្ថាបនាឡើងវិញនេះរួមមាន៖ ផ្លូវហ្សាលដឺហ្គោល, ផ្លូវកូម៉ៃផ្លូវជាតិលេខ៦, ផ្លូវក្រវ៉ាត់ក្រុងសៀមរាប, ផ្លូវអមមាត់ស្ទឹងសៀមរាប, ផ្លូវឆ្ពោះទៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា និងផ្លូវសំខាន់ៗជាច្រើនទៀតនៅក្នុងក្រុង។ គម្រោងស្ថាបនាផ្លូវនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសសម្រេចទម្លាក់កញ្ចប់ថវិកា ចំនួន ១៥០ លានដុល្លារអាមេរិកសម្រាប់ការស្ថាបនាផ្លូវចំនួន ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ៕
ប្រភព៖ ក្រសួងព័ត៌មាន


