ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅថ្ងៃទី២៣ ខែកញ្ញា បានប្រកាសផែនការអភិវឌ្ឍន៍តំបន់កសិកម្មដ៏ធំមួយនៅទូទាំងប្រជុំកោះ ដើម្បីបន្ធូរបន្ថយការពឹងផ្អែករបស់ប្រទេសលើម្ហូបអាហារដែលនាំចូល។ យោងតាមផែនការតំបន់ឧស្សាហកម្មនឹងពង្រីកដល់ទៅជិត ៨០០,០០០ ហិកតា ដែលធំជាង ១០ ដងនៃទំហំប្រទេសសឹង្ហបុរី ដែលជាប្រទេសជិតខាង ដើម្បីដាំដំណាំដំឡូងមី និងពោត សម្រាប់ប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួននៅលើពិភពលោកនេះ។
ប្រធានាធិបតីឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា គម្រោងនេះនឹងប្រមើលមើលវិបត្តិស្បៀងអាហារពិភពលោក ដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19។ លើសពីនេះកាត់បន្ថយការផ្លាស់ប្ដូរអាកាសធាតុក៏ដូចជា ទប់ស្កាត់ការពឹងផ្អែករបស់ប្រទេសលើម្ហូបអាហារដែលនាំចូល។ គួរឲ្យដឹងផងដែរថា ដំណាក់កាលដំបូងបានចាប់ផ្ដើមរួចមកហើយនៅភាគខាងជើងកោះ Sumatra ក៏ដូចជាតំបន់កណ្តាល Kalimantan នៅលើកោះ Borneo ។

ហើយមកទល់ពេលនេះ នៅទីបំផុតតំបន់កសិកម្មអាចត្រូវបានពង្រីកទៅតំបន់ចំនួនបីបន្ថែមទៀតនៅលើប្រជុំកោះធំបំផុតនៅលើពិភពលោក គឺនៅខាងត្បូងកោះ Sumatra, Papua និង ខាងកើត Nusa Tenggara។ ទោះបីជាយ៉ាណាក្ដី គម្រោងនេះ កំពុងប្រឈមនឹងការរិះគន់ពីក្រុមបរិស្ថាន ដែលបានព្រមានថាគម្រោងបែបនេះភាគច្រើនត្រូវបានអនុវត្តលើតំបន់ដីសើម ហើយការអភិវឌ្ឍន៍នៅលើបច្ចុប្បន្ននេះនឹងអាចងាយបង្កឱ្យមានភ្លើងឆេះព្រៃ ដែលត្រូវបានគេស្តីបន្ទោសចំពោះអ័ព្ទផ្សែងដល់តំបន់ជាច្រើននៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


