ធនាគារអភិវឌ្ឍន៍អាស៊ីបានកែសំរួលការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២០ សម្រាប់ប្រទេសកម្ពុជា ពីការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប ៥.៥% ដែលជាការព្យាករណ៍របស់ខ្លួនកាលពីខែមិថុនា មក ៤.០%។ ជាមួយគ្នានេះ ADB ដោយបានសាទរលើកំណើននេះ ចំពោះការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មរបស់ប្រទេស និងការកើនឡើងនូវបរិមាណនៃការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់ដូចជាកង់ និងអេឡិចត្រូនិច។
បើយោងតាមនាយកប្រចាំប្រទេសរបស់ ADB ប្រចាំនៅកម្ពុជាលោក Sunniya Durrani-Jamal បានមានប្រសាសន៍ថាធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថាកំណើននឹងស្ទុះងើបឡើងវិញដល់ ៥.៩% នៅឆ្នាំ២០២១ ដែលជំរុញដោយគោលនយោបាយរដ្ឋាភិបាល ជំនួយសង្គមសម្រាប់ជនក្រីក្រ និងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម។

លោកបានបន្តថា វិធានការណ៍ទាំងនោះរួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធដែលត្រូវការជាចាំបាច់នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនៃវីរុស Covid-19 ទៅលើគ្រួសារ និងអាជីវកម្ម និងជួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំពីការរាតត្បាត។

យោងតាមលោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ខណៈដែលឧស្សាហកម្មទេសចរណ៍ និងកាត់ដេររបស់ប្រទេសកម្ពុជាទទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំងពីការរាតត្បាតដោយវីរុស Covid-19 ផលិតកម្មមិនមែនកាត់ដេរបានបង្ហាញពីកំណើនខ្លាំងជាពិសេសកង់ និងអេឡិចត្រូនិច។ មិនតែប៉ុណ្ណោះទេការនាំចេញផលិតផលកសិកម្មរួមទាំងស្រូវ ក៏បានកើនឡើង ហើយអាចនឹងកើនឡើងថែមទៀតនៅពេលដែលប្រទេសកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន សាធារណរដ្ឋកូរ៉េ និងដៃគូសក្តានុពលផ្សេងទៀត។

ទន្ទឹមនឹងនេះធនាគារអភិវឌ្ឍន៍អាស៊ីកំពុងគាំទ្រដល់ការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាចំពោះជំងឺរាតត្បាត និងបានផ្តល់ហិរញ្ញប្បទានសម្បទានចំនួន ២៥០ លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ពង្រីកការគាំពារសង្គម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


