ថៃ នឹងចំណាយពេលយូរក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំ ២០២១
សេដ្ឋកិច្ច September 25, 2020 Chan Sreyny

យោងតាមធនាគារថៃ (BoT) បានឱ្យដឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងចំណាយពេលយូរជាងការរំពឹងទុកនាពេលកន្លងមក ជាពិសេសដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេស។

ធនាគារកណ្តាលថៃ បានទម្លាក់ការព្យាករណ៍កំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ ២០២១ ពី ៥% ដល់ ៣.៦% នៅពេលដែលជំងឺរាតត្បាតកំពុងបន្តរារាំងការធ្វើដំណើរអន្តរជាតិ។ លេខាធិការនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុថៃបាននិយាយថា ធនាគារកណ្តាលបានធ្វើការកែសម្រួលការធ្លាក់ចុះនៃការមកដល់របស់ភ្ញៀវបរទេសសម្រាប់ឆ្នាំក្រោយពីចំនួន ១៦.២ លាននាក់ទៅ ៩ លាននាក់។

ស្ថានភាពផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 និងផលប៉ះពាល់នៅឯនាយសមុទ្រគឺធ្ងន់ធ្ងរជាងការរំពឹងទុក។ លោកបាននិយាយថា ប្រទេសជាច្រើនបានប្រឈមនឹងករណីឆ្លងខ្ពស់ជាងមុន ការផ្ទុះឡើងនៃរលកទី២ និងគោលការណ៍ចាក់សោរប្រទេសនឹងបន្តយូរជាងនេះ។ កត្តាទាំងនេះ នឹងបង្កផលប៉ះពាល់ដល់អ្នកទេសចរបរទេសដែលមានគម្រោងទៅលេងប្រទេសថៃ។

កាលពីពេលថ្មីៗនេះធនាគារកណ្តាលបានព្រមានថា ឧស្សាហកម្មទេសចរណ៍របស់ថៃនឹងប្រឈមមុខនឹងហានិភ័យកាន់តែច្រើននៅឆ្នាំក្រោយ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តរឹតត្បិតអ្នកទេសចរបរទេសមិនឱ្យចូលក្នុងប្រទេសនេះ។ ក្នុងរយៈពេលពីខែមករា ដល់ខែកក្កដា ចំនួនភ្ញៀវទេសចរបរទេសមានចំនួន ៦.៦៩ លាននាក់ធ្លាក់ចុះ ៧១% បើធៀបនឹងឆ្នាំមុនដោយការចំណាយធ្លាក់ចុះ ៧០.៤% ដល់ ៣៣២ ពាន់លានបាត។

ទោះជាយ៉ាងណា ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២០ ត្រូវបានកែលម្អបន្តិចបន្តួចដោយធនាគារកណ្តាល។ សេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៧.៦% ដោយធ្លាក់ចុះពី ៨.១% ដែលបានមើលឃើញពីមុន បន្ទាប់ពីការធ្លាក់ចុះ GDP នៅត្រីមាសទី២ តិចជាងការព្យាករណ៍។

GDP បានធ្លាក់ចុះ ១២.២% បើធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី២ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុអាស៊ីនៅចុងទសវត្សឆ្នាំ ១៩៩០ ។ GDP នៅត្រីមាសទី១ មានការធ្លាក់ចុះ ២.៥% បើធៀបនឹងឆ្នាំមុន ខណៈពេលដែល Covid-19 បានចាប់ផ្តើមជះឥទ្ធិពលដល់សកម្មភាពអាជីវកម្មសកល៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus