ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី​ ២៩ លានដុល្លារដើម្បីគាំទ្រការធ្វើ​ឱ្យប្រសើរឡើង​ នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា
សេដ្ឋកិច្ច September 23, 2020 Chan Sreyny

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង ២៩ លានដុល្លារដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា​ធ្វើឱ្យប្រសើរឡើងនូវការផ្តល់​សេវាតាមរយៈកំណែទម្រង់ សំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការជាពិសេសនៅតាមតំបន់ជនបទដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានលើកឡើងថា សម្រាប់កម្មវិធី​ទី២ នៃការអភិវឌ្ឍ​ផ្នែកសេវា​​ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ​ដែលបានធ្វើ​វិមជ្ឈការរួមមាន​ប្រាក់​កម្ចី​ផ្តោតលើគោលនយោបាយចំនួន​ ២០ លាន​ដុល្លារ​ដែលនឹងគាំទ្រដល់វិធីសាស្រ្ត​ដើម្បី​ពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋ​បាលមូលដ្ឋានក៏ដូចជារដ្ឋបាលសាធារណៈ​។ ទន្ទឹមនេះ ប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩.៣៥ លានដុល្លារដើម្បីជួយ​កសាងសាលារដ្ឋបាលមូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់មន្រ្តី​រាជ​រដ្ឋាភិ​បាលក្នុងតំបន់។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ហិរញ្ញប្បទាន​ដល់​គម្រោងនេះចំនួន ១.៧ លានដុល្លារផងដែរ។

លោកស្រី Jhelum Thomas អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសាធារណៈ​របស់ ADB បានគូសបញ្ជាក់ថា គម្រោងនេះមានគោលបំណងជួយដល់រដ្ឋបាលមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជាក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋានប្រកបដោយនិរន្តរភាព​​ និងប្រសិទ្ធភាព​ហើយក៏នឹងបង្រួមគម្លាតតំបន់ជនបទ និងទីប្រជុំជនផងដែរ។ លោកស្រីបានបន្ថែមថា « គម្រោងនេះចាំបាច់ណាស់​ខណៈដែលជំងឺរាត​ត្បាត​កូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានផ្លាស់ទីពីទីក្រុងទៅជនបទ។ ប្រការនេះ នឹងនាំ ដល់សម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់ជំនួយសង្គម និងសេវាកម្មចំបាច់ដូច​ជាផ្លូវថ្នល់ការផ្គត់ផ្គង់ទឹក និងអនាម័យដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយ​បរិយា​ប័ន្ន និងសមធម៌ »។

យោងតាមរបាយការណ៍របស់ ADB បានឱ្យដឹងថា ផលិតផលក្នុង​ស្រុក​សរុប (GDP) របស់កម្ពុជាបានកើនឡើង ៨% ជារៀងរាល់ឆ្នាំចាប់​ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ កាត់បន្ថយភាពក្រីក្រមកនៅត្រឹម ១៣.៥% ក្នុងឆ្នាំ ២០១៤ ពី ៤៧.៨% ក្នុងឆ្នាំ ២០០៧។ ប៉ុន្តែពលរដ្ឋកម្ពុជាជាង ៧០% រស់នៅ​ជាមួយ​ចំណូលតិចជាង ៣ ដុល្លារ ក្នុងមួយថ្ងៃ​ហើយការទទួលបាន​សេវាមូលដ្ឋាន​ក៏មិន​ទាន់ស្មើគ្នា។ ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះប្រឈមហានិភ័យធ្ងន់ធ្ងរ​ខណៈពេល​ដែល​មានជំងឺរាតត្បាតកូវីដ-១៩ ដែលបាននាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃ​វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចកម្ពុជា និងការលំបាកនៃជីវភាពរស់នៅ។

លោកស្រី Jhelum Thomas បានអះអាងថា កម្មវិធីរបស់ ADB នេះនឹងបំពេញបន្ថែម​លើកម្មវិធី​ទី១​ នៃការអភិវឌ្ឍផ្នែកសេវា​ និងការគ្រប់គ្រង​វិស័យហិរញ្ញ​វត្ថុ​សាធារណៈ​បានធ្វើ​វិមជ្ឈការដែលកំពុងតែមានដំណើរការ។ លោកស្រីបានបន្ដថា កម្ម​វិធីនេះនឹងជួយពង្រឹង​ការ​សម្រប​សម្រួលការងារទីភ្នាក់ងារពាក់ព័ន្ធ​ដើម្បីទទួលបាន​ការ​ផ្តល់សេវាកម្មដែលឆ្លើយតបនឹងតម្រូវការ ប្រកបដោយការទទួលខុសត្រូវដែលរួមបញ្ចូលនូវការពង្រឹងផែនការថវិកាសវនកម្ម និងមុខងារអ្នកស៊ើបអង្កេតជាយុទ្ធសាស្រ្ត។ ជាមួយ​គ្នា​នេះ វាក៏នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងចំណូល និងចំណាយដើម្បីឆ្លើយតបនឹង​តម្រូវ​ការក្នុងមូលដ្ឋាន និងដោះស្រាយកង្វះខាតនៃជំនាញសម្រាប់រយៈពេលវែងរបស់មន្រ្តីរដ្ឋបាលមូលដ្ឋាន។ លោកស្រីបានបន្ថែមទៀតថា គម្រោងនេះនឹងគាំទ្រដល់ការសាងសង់ និងដំណើរការនៃសាលា រដ្ឋបាលមូលដ្ឋានជាតិថ្មីដែលនឹងផ្តល់នូវការអភិវឌ្ឍជំនាញ​តាម​រចនា​សម្ព័ន្ធសម្រាប់មន្រ្តីរដ្ឋបាលមូលដ្ឋាន។

បើតាម ADB បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានធ្វើកំណែ​ទម្រង់​វិមជ្ឈការក្នុងឆ្នាំ ២០០១។ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តប្រឈមមុខ​នឹងបញ្ហានៃភាព​ខ្សោយ​ក្នុងការធ្វើផែនការថ្នាក់ក្រោមជាតិការគ្រប់គ្រង​ចំណូល និងចំណាយមិនសូវ​មាន​ប្រសិទ្ធភាព និងការអភិវឌ្ឍជំនាញមន្រ្តីសាធារណៈ។ ADB បាន​ផ្តល់ការ​គាំទ្រយ៉ាងទូលំទូលាយដល់កំណែទម្រង់វិមជ្ឈការរបស់កម្ពុជាចាប់តាំងពីឆ្នាំ ២០០២ ដូចជាការគាំទ្រដល់កំណែទម្រង់ច្បាប់គោលនយោបាយ និងស្ថាប័ន។ នៅ​ក្នុង​ចន្លោះឆ្នាំ ២០០២ និងឆ្នាំ ២០១២ ការចូលរួមរបស់ ADB ផ្តោត​លើការ​ពង្រឹងក្រុមប្រឹក្សាឃុំ សង្កាត់ ​និងការពង្រីកសេវាកម្មនៅតាមតំបន់ជនបទ។

ចាប់តាំងពីឆ្នាំ ២០១២ មកការគាំទ្ររបស់ ADB បានផ្តោតលើការពង្រឹងការសម្រប​សម្រួលការងាររបស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌច្បាប់ ស្ថាប័ន និងការកំណត់តួនាទី និងភារកិច្ចក្នុងការផ្តល់សេវា។ តែទោះបីជាយ៉ាងនេះក្ដី គម្រោងថ្មីនេះគឺស្របទៅនឹងអាទិភាពដែលបានដាក់​ក្នុង​យុទ្ធ​សាស្ត្រភាពជាដៃគូរបស់ ADB សម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣៕

ប្រភព៖ ក្រសួងព័ត៌មាន