ជប៉ុន នឹងបន្ធូរបន្ថយការរឹតត្បិតចូលប្រទេសរបស់ខ្លួនសម្រាប់ក្រុមទាំងនេះ ប៉ុន្តែមិនមែនភ្ញៀវទេសចរ
សេដ្ឋកិច្ច September 23, 2020 Chan Sreyny

យោងតាមសារព័ត៌មានជប៉ុន Asahi Shimbun បានឱ្យដឹងថា ប្រទេសជប៉ុនកំពុងពិចារណាក្នុងការអនុញ្ញាតឱ្យជនបរទេសចូលមកក្នុងប្រទេសរបស់ខ្លួនបានយូរជាងមុន​​​​ដែលនឹងចាប់ផ្តើមនៅដើមខែក្រោយ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ជប៉ុនបានអនុម័តនូវការរឹតត្បិតក្នុងការធ្វើដំណើរដ៏តឹងរឹងបំផុតនៅលើពិភពលោក ដោយសូម្បីតែអ្នករស់នៅជាអចិន្ត្រៃយ៍ក៏មិនអាចចូលក្នុងប្រទេសនេះឡើងវិញ ដោយគ្មានការអនុញ្ញាតជាមុននោះឡើយ។ រដ្ឋាភិបាលជប៉ុនបាន បន្ធូរបន្ថយការរឹតត្បិតមួយចំនួនលើនិស្សិត និងអ្នកជំនួញមកពី ៧ ប្រទេសកាលពីចុងខែកក្កដា។

យោងតាមការដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា យោងតាមការស្នើសុំថ្មីបំផុតជប៉ុននឹងអនុញ្ញាតឱ្យអ្នកស្នាក់នៅរយៈពេលយូរជាង ៣ ខែដូចជានិស្សិត និងបុគ្គលិកពេទ្យចូលក្នុងប្រទេសរបស់ខ្លួន ដែលមកពីប្រទេសណាមួយ។ ដោយការចូលនេះ នឹងត្រូវបានកំណត់សម្រាប់ចំនួនមនុស្ស ១,០០០ នាក់ក្នុងមួយថ្ងៃ។ គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះប្រទេសជប៉ុនបានរក្សាការឆ្លង និងការស្លាប់របស់ខ្លួនក្នុងកម្រិតទាប បើប្រៀបធៀបជាមួយបណ្តាប្រទេសដែលរងគ្រោះខ្លាំង ដោយការឆ្លងមានចំនួន ៧៩,៩០០ ករណីនិងស្លាប់ចំនួន ១,៥១៩ ករណី៕

អត្ថបទ៖ នីតា
ប្រភព៖ japantimes