សេដ្ឋកិច្ចរបស់អាឡឺម៉ង់ នឹងមិនធ្លាក់ចុះធ្ងន់ធ្ងរដូចការរំពឹងទុកនោះទេ
សេដ្ឋកិច្ច September 23, 2020 Chan Sreyny

វិទ្យាស្ថានសេដ្ឋកិច្ច Ifo បានប្រកាសកាលពីពេលថ្មីៗនេះថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់មិនធ្ងន់ធ្ងរជាងការរំពឹងទុកនោះទេ ខណៈផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះត្រឹម ៥.២% នៅឆ្នាំនេះមិនមែន ៦.៧% ដូចការរំពឹងទុកនោះទេ។

លោក Timo Wollmershaeuser ប្រធានការព្យាករណ៍នៅ Ifo បាននិយាយថា « ការធ្លាក់ចុះនៅត្រីមាសទី២ គឺតូចជាងអ្វីដែលយើងបានខ្លាច ហើយការងើបឡើងវិញនាពេលបច្ចុប្បន្នកំពុងដំណើរការប្រសើរជាងអ្វីដែលយើងបានរំពឹងទុក »។ ទោះជាយ៉ាងណា ល្បឿននៃការស្ទុះងើបឡើងវិញទំនងជានឹងថយចុះគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលបន្តទៀតនៃឆ្នាំនេះ ព្រោះសេវាកម្មជាក់លាក់ទាក់ទងនឹងការចំណាយរបស់អតិថិជននៅតែមានកម្រិត ដោយសារតែការរឹតត្បិតនៃជំងឺ Covid-19 ក៏ដូចជាការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នូវឥរិយាបថរបស់អ្នកប្រើប្រាស់ និងក្រុមហ៊ុន។

ទន្ទឹមនឹងនេះ អត្រានៃការងើបឡើងវិញនៃ GDP របស់អាឡឺម៉ង់នឹងមិនឈានដល់កម្រិតមុនវិបត្ដិរបស់ខ្លួនទេរហូតដល់ត្រីមាសទី៤ ឆ្នាំ ២០២១ ។ សម្រាប់ឆ្នាំក្រោយ Ifo រំពឹងថា GDP នឹងកើនឡើង ៥.១% ។ អតិរេករបស់រដ្ឋាភិបាលអាល្លឺម៉ង់ចំនួន ៥២.៥ ពាន់លានអឺរ៉ូ (៦១.៧ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ ២០១៩ នឹងធ្លាក់ចុះដល់ ១៧០.៦ ពាន់លានអឺរ៉ូនៅឆ្នាំនេះ ដោយសារការឆ្លើយតបនឹងការធ្លាក់ចុះប្រាក់ចំណូល និងការកើនឡើងយ៉ាងខ្លាំងនូវការចំណាយដើម្បីទ្រទ្រង់សេដ្ឋកិច្ច។

ដើម្បីជំរុញការប្រើប្រាស់ឯកជន និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺរាតត្បាតនេះ រដ្ឋាភិបាលអាឡឺម៉ង់បានអនុម័តកញ្ចប់ជំរុញសេដ្ឋកិច្ចដែលមានតម្លៃ ១៣០ ពាន់លានអឺរ៉ូកាលពីខែមិថុនា រួមទាំងការកាត់បន្ថយពន្ធបន្ថែម។ គួរឱ្យដឹងផងដែរថា បន្ទាប់ពីមានការស្ទុះងើបឡើងវិញនៃផលិតកម្ម និងតម្រូវការបន្ទាប់ពីការបន្ធូរបន្ថយនៃការរឹតត្បិតនៅប្រទេសអាឡឺម៉ង់ ក៏ដូចជានៅក្នុងប្រទេសដទៃទៀតការនាំចេញ និងការនាំចូលក៏ចាប់ផ្តើមមានការងើបឡើងវិញ៕

អត្ថបទ៖ នីតា
ប្រភព៖​ xinhuanet