ធនាគារសន្សំរដ្ឋាភិបាលថៃ (GSB) គ្រោងនឹងផ្តល់ប្រាក់កម្ចីទន់ ជាមួយនឹងការប្រាក់ប្រចាំឆ្នាំ ២% ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលរងការវាយប្រហារដោយជំងឺរាតត្បាត Covid-19 ដោយការខ្ចីមានរយៈពេល ៦០ ខែ។
លោក Patchara Anuntasilpa ប្រធានធនាគារ GSB បានមានប្រសាសន៍ថា កញ្ចប់នេះនឹងត្រូវបញ្ជូនទៅខុទ្ទកាល័យសម្រាប់ការអនុម័តឆាប់ៗនេះ។ លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះនឹងជួយធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃរស់ឡើងវិញ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ ឧស្សាហកម្មអាកាសចរណ៍កំពុងទទួលបានការគាំទ្របន្ថែមទៀត បន្ទាប់ពីនាយកដ្ឋានរដ្ឋាករថៃបានសម្រេចពង្រីកការកាត់ពន្ធលើប្រេងឥន្ធនៈ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប។ លោក Patchara ដែលជាអគ្គនាយកនៃនាយកដ្ឋានរដ្ឋាករផងដែរនោះបាននិយាយថា នាយកដ្ឋានកំពុងពិចារណាផងដែរថាតើត្រូវលើកលែងពន្ធទាំងស្រុងឫយ៉ាងណា។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ បានកាត់បន្ថយចំនួនជើងហោះហើររបស់ពួកគេ ២០% ពីកម្រិតមុនមានជំងឺ Covid-19 ។ កាលពីមុនចំណូលពន្ធដែលបានពីប្រេងឥន្ធនៈអាកាសចរណ៍ មានប្រហែល ១ ពាន់លានបាតក្នុងមួយឆ្នាំ។ លោក Patchara បានធានាថា ការលើកលែងពន្ធនឹងមិនចំណាយច្រើនលើប្រាក់ចំណូលដែលបាត់បង់នោះទេ៕
អត្ថបទ៖ នីតា
ប្រភព៖ nationthailand


