ក្រុមហ៊ុនជប៉ុន Yamato Green Co.,Ltd ដែលល្បីល្បាញខាងអភិវឌ្ឍន៍វិស័យទេសចរណ៍បាននិងកំពុងចាប់ចិត្តចង់អភិវឌ្ឍន៍គម្រោងដ៏ធំមួយជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺការអភិវឌ្ឍខ្សែក្រវាត់បៃតង (Green Belt) នៅប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ ផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។
គោលបំណងនេះត្រូវបានលើកឡើងនាឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន Yamato Green Co.,Ltd នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីស្នើសុំកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតងនេះ។

លោក Nabeshima Katsuhito បានលើកឡើងថា តាមរយៈគម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតង ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ខាងលើនេះ ក្រុមហ៊ុននឹងធ្វើឲ្យផលិតផលកសិកម្មរបស់កម្ពុជា ក្លាយទៅជា«កសិទេសចរណ៍» ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិអាចទទួលទានអាហារ ដែលមានស្រាប់នៅតាមតំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាព។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចចូលរួមទស្សនាបច្ចេកទេសនៃការដាំដុះ និងថែទាំបានដោយផ្ទាល់ផងដែរ។

បន្ទាប់ពីការលើកឡើងនូវបទបង្ហាញរបស់លោក Nabeshima Katsuhito ជាច្រើនរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញទឹកមុខរីករាយពេញចិត្តយ៉ាងខ្លាំង និងបានបង្ហាញនូវការស្វាគមន៍ ការឯកភាព និងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ចង់ឱ្យក្រុមហ៊ុនពិចារណាលើការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប និងកំពង់ធំ សម្រាប់គម្រោងអភិវឌ្ឍលើវិស័យទេសចរណ៍ទាំង ៣ ប្រភេទខាងលើនេះ ជាពិសេសការកសាងខ្សែក្រវាត់បៃតង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Yamato Green Co.,Ltd ក៏បាននិងកំពុងទទួលបានភាពជោគជ័យ និងមានភាពល្បីល្បាញណាស់ដែរ នៅក្នុងការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ ដោយសារកត្តានេះហើយ ទើបជំរុញឱ្យក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍ថ្មីជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺខ្សែក្រវាត់បៃតងខាងលើនេះឯង៕
អត្ថបទ៖ លីនី


