យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយបានឲ្យដឹងថា ប្រទេសវៀតណាមបាននាំចូលរថយន្ត ៨,៨០០ ប្រភេទផ្សេងៗគ្នាដែលមានតម្លៃ ២០២ លានដុល្លារ ក្នុងខែសីហា ពោលគឺកើនឡើង ៨៥.៦% បើធៀបនឹងខែកក្កដា ។ ចំពោះការនាំចូលនេះដែ ប្រទេសថៃមានបរិមាណខ្ពស់ជាងគេគឺក្នុងចំនួន ៤,៧០០ គ្រឿង បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ីក្នុងចំនួន ២៥០០ គ្រឿង និងចិនចំនួន ៥៧០ គ្រឿង ហើយរថយន្តមកពីប្រទេសទាំងបីមានចំនួនជិត ៩០% នៃការនាំចូលសរុបរបស់ប្រទេសនេះ។
ទន្ទឹមនឹងនេះដែរ ក្នុងចំណោមការនាំចូលចំនួនរថយន្តដែលមាន ៩ កៅអី ឬ តិចជាងនេះមានចំនួន ៦,១៣១ គ្រឿងគិតជាទឹកប្រាក់ស្មើនឹង ១២៧ លានដុល្លារដែលស្មើនឹង ៦៩.៤% នៃចំនួនសរុបកើនឡើង ៩១.៦% ពីមួយខែទៅមួយខែ។ ដោយឡែកការនាំចូលរថយន្តដឹកទំនិញបានកើនឡើង ២២០០គ្រឿង គិតជាទឹកប្រាក់ស្មើនឹង ៥៥.៧ លានដុល្លារកើនឡើង ១៦៧% គិតជាបរិមាណ និង ១៧៦% គិតជាតម្លៃ។ ជាមួយគ្នានេះរថយន្តប្រណិតសម្រាប់គោលបំណងពិសេសបានឈានដល់ចំនួន ៤៨៣ គ្រឿងដែលគិតជាទឹកប្រាក់ស្មើនឹង ១៩.៦ លានដុល្លារ។

ទោះបីជាការនាំចូលខែសីហាមានការកើនឡើងយ៉ាងខ្លាំងក៏ដោយ ក៏វាមិនអាចបង្កើនបរិមាណយានយន្តសរុបនៅក្នុងខែមករាដល់ខែសីហាដែលបានថយចុះ ៤៤.៣% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងចំនួន ៥៣,៨០០ គ្រឿងដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតរ៉ាំរ៉ៃ COVID-19 ។ ក្នុងនោះរថយន្តដែលមាន ៩ កៅអី ឬ តិចជាងនេះមានចំនួន ៣៩,៦០០ គ្រឿងធ្លាក់ចុះ ៤៦.៩% និងរថយន្តដឹកទំនិញមានចំនួន ១០,៧៥៩ គ្រឿងធ្លាក់ចុះ ៤៧.៨%៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


