ខេត្តមួយរបស់វៀតណាមបុកលុយលើវិស័យកសិកម្មជាង ៣ ពាន់លានដុល្លារ ដើម្បីឲ្យវិស័យនេះកាន់តែរីកចម្រើន និងខ្លាំងក្លាជាងមុន
សេដ្ឋកិច្ច September 21, 2020 Chan Sreyny

យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងថា ខេត្ត Kien Giang នៃតំបន់ទន្លេមេគង្គនឹងចំណាយថវិកាប្រមាណ ៨០.៣ ទ្រីលានដុង (៣.៤៥ ពាន់លានដុល្លារ) ដើម្បីលើកកម្ពស់ផលិតផលកសិកម្មប្រកបដោយសវត្ថិភាព និរន្តរភាព និងប្រសិទ្ធភាពចាប់ពីឆ្នាំ២០២១-២០២៥។

ក្នុងចំណោមទឹកប្រាក់នោះ ទឹកប្រាក់ចំនួន​ ៣៧ ទ្រីលានដុងនឹងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍការដាំដុះនិងបង្កាត់ពូជ ហើយទឹកប្រាក់ចំនួន ៤៣ ទ្រីលានដុងប្រើសម្រាប់វិនិយោគលើវិស័យជលផល ដោយឡែកទឹកប្រាក់ដែលនៅសេសសល់ប្រើសម្រាប់ការពារព្រៃឈើ។ អ្នកតំណាងមកពីគណៈកម្មាធិការប្រជាជន Kien Giang បាននិយាយថា មូលដ្ឋាននឹងរក្សាបាននូវកំណើន និងលើកកម្ពស់ការប្រកួតប្រជែងតាមរយៈការកែលំអ ផលិតភាពប្រសិទ្ធភាព និងតម្លៃបន្ថែម ឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់។

ខេត្តមានគោលបំណងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ ដោយកាត់បន្ថយអត្រាគ្រួសារក្រីក្រ។ ខេត្តនេះនឹងផ្លាស់ប្តូរដីស្រែដែលគ្មានប្រសិទ្ធភាពជាបណ្តើរ ៗ ទៅជាគំរូនៃស្រូវ-បង្គា ឬ ស្រូវ-ផលិតកម្មដំណាំ ចំណីអាហារផ្សេងទៀត ទន្ទឹមនឹងការដាំដុះបន្លែ រុក្ខជាតិ និងដើមឈើហូបផ្លែ នៅក្នុងតំបន់សមស្របនិងអនុវត្តស្តង់ដារ GAP ស្តីពីដំណើរការផលិតកម្មដោយផ្សារភ្ជាប់ជាមួយការផ្ទុក , ដំណើរការ និងលក់ផលិតផលនៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលនីមួយៗ។

ទន្ទឹមនឹងនោះខេត្តនឹងបង្កើនសក្តានុពលរបស់ខ្លួនលើផ្ទៃទឹកសមុទ្រសម្រាប់ការធ្វើកសិកម្មនេសាទ ទន្ទឹមនឹងការពង្រឹងការធ្វើកសិកម្មនៅតាមឆ្នេរសមុទ្រដោយប្រើបច្ចេកវិទ្យាខ្ពស់។ ហើយខេត្ត Kien Giang នឹងបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់ក្រុមហ៊ុនធំៗផងដែរ។ សូមបញ្ជាក់ថា ខេត្ត Kien Giang ជាខេត្តផលិតស្រូវធំជាងគេរបស់ប្រទេសវៀតណាម ដែលមានគោលដៅផលិតស្រូវចំនួន ៤.៣ លានតោននៅឆ្នាំនេះ ក៏ដូចជាការប្រមូលផល និងបង្កាត់ពូជផលិតផលជលផលសរុបចំនួន ៧៥៥,០០០ តោន ក្នុងនោះមានបង្គា ៨៥,០០០ តោន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus