ក្រុមហ៊ុនធំៗមួយចំនួននៅលើពិភពលោក បានគាំទ្រក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀត ដើម្បីបញ្ចៀសការបំផ្លិចបំផ្លាញដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៃធម្មជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ក្រុមហ៊ុនជាង ៥៦០ ដែលមានប្រាក់ចំណូលរួម ៤ ទ្រីលានដុល្លាររួមទាំងក្រុមហ៊ុន Walmart ក្រុមហ៊ុន Citigroup និងក្រុមហ៊ុន Microsoft បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យមានសកម្មភាពនៅទសវត្សក្រោយ។ ការអំពាវនាវនេះ ធ្វើឡើងនៅពេលដែលអង្គការសហប្រជាជាតិ (UN) រៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជីវចម្រុះនៅចុងខែនេះ ក្នុងគោលបំណងដើម្បីបង្កើតសន្ទុះឆ្ពោះទៅរកការបង្កើតកតិកាសញ្ញាពិភពលោកថ្មីមួយ ដើម្បីទប់ស្កាត់ការគំរាមកំហែងចំពោះធម្មជាតិ ដូចដែលបានបង្ហាញដោយអគ្គិភ័យបានឆាបឆេះនៅអាម៉ាហ្សូន និងកាលីហ្វ័រញ៉ា។

ក្រុមហ៊ុនជាច្រើនបាននិយាយថា ពួកគេបានបោះជំហានទៅមុខដើម្បីធ្វើឱ្យប្រតិបត្តិការរបស់ពួកគេទៅកាន់ពណ៌បៃតង រដ្ឋាភិបាលចាំបាច់ត្រូវផ្តល់នូវគោលនយោបាយដែលនឹងអនុញ្ញាតឱ្យពួកគេធ្វើបានកាន់តែច្រើន។ ក្រុមហ៊ុនទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « សង្គមដែលមានសុខភាពល្អ សេដ្ឋកិច្ចធន់ និងអាជីវកម្មរីកចម្រើនគឺត្រូវពឹងផ្អែកលើធម្មជាតិ។ រដ្ឋាភិបាលត្រូវតែអនុវត្តគោលនយោបាយឥឡូវនេះ ដើម្បីបញ្ចៀសការបាត់បង់ធម្មជាតិនៅក្នុងទសវត្សនេះ »។ ពួកគេបន្ថែមថា « រួមគ្នាការពារ និងប្រើប្រាស់ធនធានធម្មជាតិរបស់យើងប្រកបដោយនិរន្តរ៍ភាព »។
ក្រុមធុរកិច្ចដើម្បីធម្មជាតិដែលជាអ្នករៀបចំសេចក្តីថ្លែងការណ៍បាននិយាយថា នេះជាលើកទី១ ហើយដែលក្រុមហ៊ុនជាច្រើនបានចេញសេចក្តីអំពាវនាវរួមគ្នា ដោយសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ី ដែលមានសុខភាពល្អដើរតួនាទីដើម្បីសុខុមាលភាពមនុស្ស។ គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុនក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ IPBES បាននិយាយថា សត្វមួយលានក្បាលកំពុងប្រឈមនឹងការផុតពូជ។ យោងតាមមូលនិធិសត្វព្រៃពិភពលោកបានអោយដឹងថា ប្រហែល ២/៣ នៃសត្វរបស់ពិភពលោកដូចជា៖ ថនិកសត្វ បក្សី ត្រី សត្វលលក និងសត្វល្មូនបានបាត់ខ្លួនក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


