ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរឡើងវិញ ដោយកាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានបង្ហាញពីយុទ្ធសាស្រ្តលម្អិតរបស់ពួកគេ ដើម្បីនាំភ្ញៀវទេសចរ «អ្នកមាន» មកវិញ ខណៈពេលដែលប្រទេសនេះរក្សាចំនួន Covid ក្នុងកម្រិតទាប។ ផែនការដែលគ្រោងនឹងចាប់ផ្តើមនៅខែក្រោយត្រូវបានប្រកាសថា ជាមធ្យោយបាយមួយដើម្បីជួយស្តារសេដ្ឋកិច្ចទេសចរណ៍ដែលរងការប៉ះទង្គិចយ៉ាងខ្លាំង ប៉ុន្តែក៏មានមតិខ្លះបាននិយាយថា រដ្ឋាភិបាលត្រូវការការត្រួតពិនិត្យជាក់ស្តែង។
យោងតាមការអះអាងរបស់រដ្ឋមន្រ្តីអាជ្ញាធរទេសចរណ៍ និងកីឡា ផែនការនោះនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេស ដោយតម្រូវឲ្យពួកគេនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ក៏ដូចជាការកក់ការស្នាក់នៅរយៈពេលវែងដែលមានរយៈពេលអប្បបរមា ៩០ ថ្ងៃ។ ជាមួយគ្នានេះភ្ញៀវទេសចរត្រូវតែមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយការបង់ថ្លៃសណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក និងការស្នាក់នៅរយៈពេលពេលយូរ។

រដ្ឋមន្រ្តីអាជ្ញាធរទេសចរណ៍ និងកីឡាបានលើកឡើងដូច្នេះថា៖ « មានតំរូវការដ៏រឹងមាំសំរាប់ទេសចរណ៍ថៃ ហើយប្រទេសថៃពិតជានឹងទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិន អឺរ៉ុប និងកន្លែងផ្សេងទៀត ប៉ុន្តែយើងនឹងធានាថាមានតែអ្នកមកពីប្រទេសដែលមានហានិភ័យទាបប៉ុណ្ណោះដែលអាចហោះហើរបាន »។ យ៉ាងណាមិញអ្នកដំណើរដែលយល់ព្រមចូលប្រទេសថៃតាមល័ក្ខខ័ណ្ឌទាំងនេះនឹងត្រូវបានផ្តល់ទិដ្ឋាការទេសចរណ៍ពិសេសដែលអាចពន្យារដល់ ៩០ ថ្ងៃរហូតដល់ ២ដង ។ ប្រភេទនៃអ្នកកាន់ទិដ្ឋាការទាំងនេះ ត្រូវតែយល់ព្រមចំណាយពេលយ៉ាងតិច ៣០ ថ្ងៃនៅប្រទេសថៃរួមទាំងរយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក ខណៈពេលដែលមានជម្រើសស្នាក់នៅបានយូរជាងនេះ។

គួរម្លឹកផងដែរថា រហូតមកដល់ពេលនេះការប៉ុនប៉ងនាំភ្ញៀវទេសចរមកប្រទេសវិញ ត្រូវបានបំផ្លាញដោយសារតែការរីករាលដាលឡើងវិញនៃវីរុស Covid-19 នៅក្នុងប្រទេសមួយចំនួន។ ខណៈកន្លងមកប្រទេសថៃបានដាក់ចេញនូវផែនការជាច្រើន ដើម្បីទាញភ្ញៀវទេសចរមកវិញក្នុងនោះរួមមាន «travel bubbles» និង «Phuket Model» បន្ទាប់ពីចុះកិច្ចព្រមព្រៀងនឹងប្រទេសមួយចំនួន ប៉ុន្តែមិនទទួលបានជោគជ័យដោយសារការផ្ទុះឡើងជាថ្មីនៃវីរុស៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger


