រដ្ឋាភិបាលថៃ អនុម័តកញ្ចាប់ថវិកាថ្មីសម្រាប់ប្រជាជន ១០ លាននាក់ដើម្បីជួយជម្រុញសេដ្ឋកិច្ច
សេដ្ឋកិច្ច September 21, 2020 Chan Sreyny

រដ្ឋាភិបាលថៃ បានអនុម័តថវិកាចំនួន ៣០ ពាន់លានបាតចែកដល់ប្រជាជនចំនួន ១០ លាននាក់ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ៣,០០០ បាត (ជិត ៩៧ ដុល្លារ) នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ដើម្បីជួយជំរុញសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។

ថវិកាចំនួន ៣០ ពាន់លានបាតសម្រាប់ការចែកនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ៥១ ពាន់លានបាត។ ថវិកាចំនួន ២១ ពាន់លានបាតទៀតនឹងផ្ដល់ជូនដល់អ្នកដែលមានប័ណ្ណសុខុមាលភាព ១៤ លាននាក់ ដែលម្នាក់ៗនឹងទទួលបាន ៥០០ បាតបន្ថែមទៀតរៀងរាល់ខែក្នុងរយៈពេល ៣ ខែ។ នាយករដ្ឋមន្រ្តីថៃមានប្រសាសន៍ថា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺដើម្បីជួយដល់អ្នករកបានប្រាក់ចំណូលទាប។ លោកបន្ថែមថា វិធានការគាំទ្រផ្នែកសេដ្ឋកិច្ចគឺចាំបាច់ ពីព្រោះគ្មាននរណាម្នាក់ដឹងទេថាតើនៅពេលណាវិបត្តិនៃជំងឺរាតត្បាតនេះនឹងត្រូវបញ្ចប់នោះទេ។

លោក Kanchana Tangpakorn ប្រធានការិយាល័យគោលនយោបាយពន្ធថៃបាននិយាយថា ការប្រគល់ប្រាក់នឹងមានពីរផ្នែក។ ជំហានទី១ នឹងបង្កើនជំនួយហិរញ្ញវត្ថុប្រចាំខែឱ្យអ្នកមានប័ណ្ណសុខុមាលភាពរដ្ឋចំនួន ១៤ លាននាក់ ដោយក្នុងម្នាក់ទទួលបាន ៥០០ បាតសម្រាប់រយៈពេល ៣ ខែចាប់ពីខែតុលា ដល់ខែធ្នូ។ ជំហានទី២ ថវិកា ៣,០០០ បាតសម្រាប់មនុស្ស ១០ លាននាក់ដែលត្រូវចុះឈ្មោះដើម្បីទទួលវា។ អ្នកទទួលអាចចំណាយក្នុងអត្រាមិនលើសពី ១០០ បាតក្នុងមួយថ្ងៃ ឬ ៣,០០០ បាតក្នុងមួយខែដើម្បីទិញម្ហូបភេសជ្ជៈ និងទំនិញទូទៅ (មិនរាប់បញ្ចូលសំបុត្រឆ្នោត ភេសជ្ជៈ គ្រឿងស្រវឹង ថ្នាំជក់ និងសេវាកម្ម) ពីអ្នកលក់នៅហាងតូចៗ៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost