ប្រទេសស្វីសបានអនុម័តថវិកាចំនួន ២.៥ លានដុល្លារអាមេរិក ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ជំនួយដែលបានអនុម័តនេះ ត្រូវបានលើកឡើងដោយលោក Markus Buerli នាយកថ្មីនៃនាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ (SDC) នៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ប្រភពដដែលបានឲ្យដឹងថា បន្ថែមលើការជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលស្វីសបានអនុម័តថវិកាបន្ថែមចំនួន ២.៥ លានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាដោយផ្តោតសំខាន់លើកម្មវិធីដូចជា ការបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ការអភិវឌ្ឍន៍កសិកម្ម និងការដាំដុះតាមផ្ទះ។ យ៉ាងណាមិញជាកិច្ច ឆ្លើយតបឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសតាមរយៈ SDC ដែលបានគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន


