រដ្ឋាភិបាលថៃនឹងឈប់ផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងអំឡុងមានវិបត្តិជំងឺកូវីដ-១៩ ដល់ប្រជាជនខ្លួននៅចុងខែកញ្ញា ដោយសារហេតុផលនេះ
សេដ្ឋកិច្ច September 11, 2020 Chan Sreyny

ក្រសួងហិរញ្ញវត្ថុថៃនឹងបញ្ឈប់ការផ្ទេរប្រាក់ចំនួន ៥,០០០បាត (ជិត ២០០ ដុល្លារ) សម្រាប់ការឆ្លើយតបនឹងវិបត្តិជំងឺរាតត្បាត Covid-19 ដែលបានយាយីដល់ពលរដ្ឋរបស់ខ្លួន នៅថ្ងៃទី៣០ ចុងខែកញ្ញានេះ ខណៈមនុស្សជាង ៥ ម៉ឺននាក់ នៅមិនទាន់បានទទួលប្រាក់នេះគ្រប់គ្នានៅឡើយទេ ដោយសារដំណើរការផ្ទេរប្រាក់ចូលទៅក្នុងគណនីធនាគាររបស់ពលរដ្ឋមានបញ្ហា (glitche)។

អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុថៃលោក Lawaron Sangsanit បាននិយាយថា ការផ្ទេរប្រាក់ជូនពលរដ្ឋបានចាប់ផ្តើមតាំងតែពីខែមេសា ក្នុងរយៈពេល ៣ខែ ប៉ុន្តែមនុស្សមួយចំនួនមិនបានទទួលចំណែករបស់ពួកគេនៅឡើយទេ ដោយសារបញ្ហាផ្សេងៗ ដូចជាគណនីធនាគាររបស់ពួកគាត់មិនបានបង្កើតសម្រាប់ទទួលការផ្ទេរប្រាក់ជាដើម។ រំលឹកដែរថាកាលពីខែមេសា រដ្ឋាភិបាលថៃបានដាក់ចេញនូវកម្មវិធី “Rao Mai Ting Gun” ដែលជាគម្រោងបែងចែកប្រាក់ដល់ពលរដ្ឋ រួមទាំងកម្មករបណ្តោះអាសន្ន និយោជិកកិច្ចសន្យា និងអ្នកដែលធ្វើការដោយខ្លួនឯង ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត Covid-19 និងវិធានការនៃបិទទ្វារប្រទេស។

ការទូទាត់ចុងក្រោយគួរតែត្រូវបានធ្វើឡើងនៅខែមិថុនា ប៉ុន្តែបញ្ហាក្នុងដំណើរការផ្ទេរប្រាក់ បានអូសបន្លាយពេលវេលារហូតដល់ពេលនេះ។ រហូតមកដល់បច្ចុប្បន្ននេះ មានពលរដ្ឋចំនួន ១៥.៣លាននាក់ បានទទួលថវិកាសរុប ៧៩.៥ ពាន់លានបាត ប៉ុន្តែយ៉ាងណា ពលរដ្ឋប្រមាណ ៥៦,០០០ នាក់ផ្សេងទៀត នៅមិនទាន់បានទទួលប្រាក់របស់ពួកគេនៅឡើយទេ។ លោក Lawaron បានណែនាំដល់អ្នកដែលមិនទាន់ទទួលបានចំណែករបស់ពួកគេថា ដើម្បីដោះស្រាយបញ្ហានេះ ពលរដ្ឋគួរទៅសាកសួរបញ្ហាជាមួយខាងធនាគារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយនិយាយថា បញ្ហានេះអាចបណ្តាលមកពីគណនីរបស់ពួកគេ៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost